ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ជួសជុលសម្រេចបាន ៣៥ភាគរយហើយ

​ខ្លោងទ្វារភាគខាងកើតនៃប្រាសាទតាព្រហ្ម ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ត្រូវបានអាជ្ញាធរជាតិអប្សរា ជួសជុលសម្រេចបាន៣៥ភាគរយហើយ បើគិតត្រឹមពាក់ កណ្ដាលខែតុលា ឆ្នាំ២០២២។ នេះបើយោងតាមការឱ្យដឹងពីលោកស្រី នេត ស៊ីម៉ន មន្រ្តី បុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា។ លោកស្រី នេត ស៊ីម៉ន បានឱ្យដឹងនៅថ្ងៃ ៨រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះថា បច្ចុប្បន្នក្រុមការងារកំពុង ជួសជុលថ្មផ្នែកដំបូល និងដំឡើងកាំថ្មនៅផ្នែកខាងជើង និងខាងត្បូង ហើយដំណើរការ ជួសជុលនេះ គឺត្រូវរើថ្មទាំងអស់ ដើម្បីជួសជុលពង្រឹងគ្រឹះ និងរៀបថ្មឡើងវិញ។ ស្ថានភាពថ្ម មួយចំនួនតូចមានភាពពុកផុយ និងខ្លះបានបាត់ ដែលតម្រូវឱ្យប្រើប្រាស់ថ្មថ្មី តែក្នុងកម្រិត តិចតូចប៉ុណ្ណោះ។​លោកស្រី នេត ស៊ីម៉ន បានលើកឡើងថា ការងារជួសជុលខ្លោងទ្វារខាងកើត ប្រាសាទ តាព្រហ្មនេះ មានការវិវត្តន៍ច្រើន ទោះមានការរាំងស្ទះខ្លះៗដោយសារភ្លៀងក្ដី។ បច្ចុប្បន្នការ ងារសម្រេចបាន៣៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់នៅ ឆ្នាំ២០២៣ខាងមុខ។​    គួររម្លឹកថា ស្ថានភាពខ្លោងទ្វារខាងកើតនេះ មានសភាពទ្រុឌទ្រោមខ្លាំង ដែលតួខ្លោង ទ្វារនេះបានទ្រេត និងមានហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរ។ មើលឃើញដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឥណ្ឌា និងមានការ យល់ព្រមពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចាប់ផ្តើមជួសជុលខ្លោងទ្វារនេះវិញ នៅដើមឆ្នាំ២០២២នេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង