អាល្លឺម៉ង់បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរលើគ្រប់វិស័យជាមួយកម្ពុជា

នៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកទី១០ ខែតុលា ឆ្នាំ២០២២ ជាមួយ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ នៅកម្ពុជា បានបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់កម្ពុជា ដោយបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែល្អប្រសើរ។ ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ បានបញ្ជាក់ថា អាល្លឺម៉ង់ គឺជាប្រទេសមួយដែលបានរួមចំណែកជាច្រើន ដើម្បីអភិវឌ្ឍន៍កម្ពុជាក្រោយងើបចេញពីភ្លើងសង្គ្រាម។ រយៈពេលប្រមាណ ២៨ឆ្នាំមកនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ព្រមទាំងចូលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ បានផ្តល់ជំនួយឥតសំណងប្រមាណ ៦៧០លានដុល្លារ ស្មើនឹងប្រមាណ ២.៦ភាគរយ នៃទំហំជំនួយទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។ អាល្លឺម៉ង់ ក៏ជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយលើការងារបោសសម្អាតមីននៅកម្ពុជា។ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានសន្យាបន្តគាំទ្រអង្គការ Halo Trust រហូតដល់ឆ្នាំ២០២៤៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង