អាជ្ញាធរស្រុកភ្នំព្រឹកបានជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង ១០០នាក់ មកទីទួលសុវត្ថិភាព

បាត់ដំបង ៖ បើតាមអាជ្ញាធរស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានឱ្យដឹងថា មកទល់ម៉ោង ជាង៣រសៀលថ្ងៃទី២៨ខែ កញ្ញា មានប្រជាពលរដ្ឋរស់ នៅឃុំបួរដែលរងគ្រោះដោយ សារជំនន់ទឹកភ្លៀង ប្រមាណជាង១០០ នាក់ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ប៉ុន្តែពួកគេនឹងវិលទៅលំនៅដ្ឋានវិញនៅពេលទឹកចាប់ផ្តើមស្រក។ លោក នូវ រិទ្ធី អភិបាលរង ស្រុកភ្នំព្រឹកបានបញ្ជាក់ថា អាជ្ញាធរស្រុកដឹកនាំដោយលោកសុង សុភ័ក្រ្តអភិបាល ស្រុកនិងកងកម្លាំងគ្រប់ប្រភេទបានចុះពិនិត្យនិងអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង បានឡើងមកកាន់ទីទួលសុវត្ថិភាពផ្ទាល់ ប្រមាណ៣០គ្រួសារ មនុស្សរាយ១២៥នាក់ ។ លោកបន្ថែមថា ក្នុងចំណោមឃុំចំនួនប្រាំនៃស្រុកភ្នំព្រឹក មានភ្លៀងធ្លាក់ដូចគ្នា តែដោយសារតែឃុំបួរ មានភូមិសាស្ត្រទាបជាងគេទើបទឹកភ្លៀងបានហូរធ្លាក់ពីឃុំផ្សេងៗមកចូលឃុំនេះ បង្កឱ្យលិច លិចផល ដំណាំ ផ្លូវថ្នល់ និង ផ្ទះប្រជាពលរដ្ឋ ដែលខ្លះត្រឹមជង្គង់នឹងខ្លះលិចរាងជ្រៅ តែមិនមានទឹក កួចហូរ ផ្តាច់ផ្ទះអីនោះទេ ។លោកបន្ថែមថា មកទល់ពេលនេះមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ចំណែកដំណាំដែលមានផលប៉ះពាល់អាជ្ញាធរកំពុងស្រង់តួលេខ ។ លោកបញ្ជាក់ថា អាជ្ញាធរនៅកំពុងតាមដានស្ថានភាពនិងទទួលព័ត៌មានពីការរងគ្រោះរបស់ប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ដើម្បីអន្តរាគមន៍សង្គ្រោះបានទាន់ពេល ។ ចំណែកប្រជាពលរដ្ឋដែលមានការផុសលើបណ្តាញសង្គមអង្គុយលើដំបូលផ្ទះដើម្បីសុំសង្គ្រោះនោះ អាជ្ញាធរបានចុះដល់ទីតាំងនោះ ជម្លៀសពួកគាត់មករកទីទួលសុវត្ថិភាពហើយ។ បើតាមលោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា មកទល់ល្ងាចថ្ងៃទី ២៨ខែកញ្ញា ជំនន់ទឹកភ្លៀងរាងស្រកវិញបណ្តើរៗហើយ ប៉ុន្តែមេឃនៅខ្មៅនៅឡើយ បើសិនជាគ្មានភ្លៀងបន្ថែមទេ ទឹកនឹងស្រកវិញហើយ មិនមានបញ្ហានោះទេ។ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងនឹងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបងនៅមិនទាន់មានភាពធ្ងន់ធ្ងរនោះទេ គ្រាន់ តែរងផលប៉ះពាល់នៅតាមបណ្តាស្រុកមួយចំនួនតែប៉ុណ្ណោះ ។ លោក សឿមប៊ុនរិទ្ធ ៖ «ខែវស្សាតែងតែមានលិច លង់ម្ដងម្កាលអ៊ីចឹងឯង ជំនន់ទឹកភ្លៀងនេះ មួយថ្ងៃពីរថ្ងៃវាស្រកទៅវិញអស់ហើយនៅ ពេលដែលមេឃស្រឡះ »។ ទោះបីយ៉ាងណា លោកបញ្ជាក់ថា ទាក់ទងស្ថានភាពជំនន់ទឹកភ្លៀងនេះ ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានណែនាំទៅអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នតាម ដានជាប្រចាំស្ថានភាពជំនន់ទឹកភ្លៀងនៅមូលដ្ឋានរបស់ខ្លួន ហើយឯកឧត្តមអភិបាល រងខេត្ត ទទួលបន្ទុកគ្រោះ មហន្តរាយ ក៏កំពុងតាមដានជាប្រចាំផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង