សមត្ថកិច្ចខេត្តស្ទឹងត្រែងបំបែកសំណុំរឿងករណីវ៉ៃសម្លាប់បុរសម្នាក់ទាំងដៃជាប់ខ្នោះចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការ

ខេត្តស្ទឹងត្រែងៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលដ្ឋានខេត្តស្ទឹងត្រែង បានបំបែកសំណុំរឿង ករណីបុរសម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញសាកសព ដេកស្លាប់ ទាំងដៃជាប់ខ្នោះ កាលពីថ្ងៃទី16 ខែកញ្ញា ឆ្នាំ2022 ឥឡូវនេះត្រូវបានសមត្ថកិច្ចជំនាញ ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន02នាក់ និងត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការ ។ លោក វ៉ា សុផាន់ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទទួលផែនព្រហ្មទណ្ឌ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី 27 ខែកញ្ញា នេះថា ករណីឃាតកម្ម វាយសម្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃទាំងដៃជាប់ខ្នោះ កាលពីពេលជាង10 ថ្ងៃកន្លងមកនោះ ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចជំនាញបំបែកសំណុំរឿងបានហើយ ដោយចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន02នាក់ នៅថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2022 នេះ។ លោកវ៉ា សុផាន់ ស្នងការរងខេត្ត បានបញ្ជាក់ថា ជនសង្ស័យដែលខាងកម្លាំងជំនាញចាប់ខ្លួនបានចំនួន02នាក់ខាងលើនោះ មានឈ្មោះ ជាតិ សារ៉ូ ភេទប្រុសមានអាយុ18 ឆ្នាំ និងឈ្មោះ គង់ សំអឿន ភេទប្រុសអាយុ 27 ឆ្នាំ ពួកគេទាំងពីរនាក់នេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះ ថេន សុភេទប្រុស អាយុ 19 ឆ្នាំ រស់នៅភូមិកោះកីឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។ លោកវ៉ា សុផាន់ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង02នាក់ នគរបាលជំនាញបានធ្វើការសួរនាំដល់ជនសង្ស័យ ក៏បានឆ្លើយសារភាពថា ដើមហេតុគឺបណ្ដាលមកពីជនរងគ្រោះយកគ្រឿងញៀនមិនសុទ្ធទៅលក់ឲ្យខ្លួន ហើយពួកខ្លួនក៏បានចងគំនុំ បន្ទាប់មកបានហៅជនរងគ្រោះណាត់ជួបគ្នាទិញគ្រឿងញៀនម្ដងទៀត នៅពេលមកដល់ ក៏នាំគ្នាព្រួតចាប់ដាក់ខ្នោះដៃ រួចយកដំបងប្រណង់ វាយសម្លាប់ទុកចោល សពតែម្ដង។ បន្ទាប់មកជនសង្ស័យក៏បានយកម៉ូតូជនរងគ្រោះ ជិះរត់គេចខ្លួនបាត់រហូតមកដល់ថ្ងៃចាប់ខ្លួនបាន ចំណែកប្រភពនៃខ្នោះដៃ នៅមិនទាន់បានដឹងថាជនសង្ស័យបានមកពីណាឡើយ ។ សូមបញ្ជាក់ថា សមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន02នាក់នៅថ្ងៃទី 25 ខែកញ្ញា ហើយនៅថ្ងៃទី 26 ខែកញ្ញានេះ សមត្ថកិច្ចជំនាញក៏បាននាំខ្លួនជនសង្ស័យទាំង02នោះ យកមកធ្វើត្រាប់ឡើងវិញ រួចរាល់ហើយ ក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង02នាក់នោះ ទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមនិតិវិធី។ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង