ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើង

នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំង ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើង គួរឱ្យកត់សម្គាល់។ ចាប់តាំងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាថ្ងៃឈប់សម្រាករបស់បងប្អូនកម្មករ កម្មការិនី និង មន្រ្តីរាជការ នាឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់គោលដៅភ្ញៀវទេសចរមួយដែរនោះ មានអ្នកមកលេងកម្សាន្ត ៣៥ ៦២៩នាក់ ដែលមានតំបន់គោលដៅទេសចរណ៍ ១៩កន្លែង ។យោងតាមរបាយការណរបស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា តួលេខអ្នកដើរលេងកម្សាន្តនៅថ្ងៃឈប់សម្រាករយៈពេលពីរថ្ងៃមកនេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ នេះដោយសារប្រទេសកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញដោយសារស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ បានធូរស្រាល។ បើទោះជាយ៉ាងណាក៏ដោយមន្ទីរទេសចរណ៍ នៅតែបន្តការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ និង អ្នកទេសចរទាំងអស់ ចូលរួមក្នុងការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា ។ លោក សេង សាលី បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើន ទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ធ្វើ ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានឱកាសចូលរួមធ្វើបុណ្យទានតាមជំនឿសាសនារៀងៗខ្លួន។ដោយឡែកខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកចម្រើនទទួលបានលទ្ធផលថ្មីៗជាបន្តបន្ទាប់ និងធានាបានសន្តិសុខសណ្តាប់ ជូនប្រជាពលរដ្ឋបានល្អ ជាពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌកន្លងមកនេះ។ លោកប្រធានមន្ទីរ បានឱ្យដឹងទៀតថា តំបន់ទេសចរណ៍ដែលអ្នកទេសចរមកលេងច្រើនជាងគេ មាននៅតំបន់ទំនប់ទ្វារទឹកគង្គា ស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស, ទំនប់២០ ឧសភា, សួនឫទ្ធីសែនលំហែរកាយ ស្ថិតនៅស្រុករលាប្អៀរ, និង តំបន់ខ្សាច់ស។ ភ្ញៀវទេសចរ ណ៍ជាតិ និងភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តមានចំនួនសរុប ៣៥ ៦២៩នាក់ មានការកើនទ្បើងចំនួន ជាង១ម៉ឺននាក់ ស្មើនឹង ៣១ភាគរយ បើធៀបនឹងឆ្នាំ២០២១ ។ ការកើនឡើងភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ ដោយសារការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានា ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អ ពីអាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង