ប្រជាពលរដ្ឋភូមិព្រែកត្រប់ ស្រុកឯកភ្នំ ត្អូញត្អែរផ្លូវពិបាកធ្វើដំណើរពេលភ្លៀង

បាត់ដំបង៖ប្រជាពលរដ្ឋរស់នៅ ភូមិព្រែកត្រប់ ឃុំនរិន្ទ បានត្អូញត្អែរអំពីផ្លូវពិបាកធ្វើដំណើរខ្លាំង នៅក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់ព្រា អស់រយៈពេលជាង៥ឆ្នាំ មកហើយ ប៉ុន្តែអាជ្ញាធរនៅ មិន ទាន់ ធ្វើការជួសជុលនៅឡើយ។ គ្រូបង្រៀនមួយរូប គឺអ្នកគ្រូ ឈិន គឹមឡា រស់នៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ បានថ្លែងថា ផ្លូវមួយខ្សែនេះ មានការ លំបាកយូរមកហើយ ជាពិសេសរដូវវស្សា មានភក់ រអិល ជិះម៉ូតូសឹងមិនកើត និងធ្វើឱ្យសិស្ស ខកខានមករៀន ឬមករៀនមិនទៀងទាត់ជាដើម។ អ្នកគ្រូបន្ដថា៖«កន្លងទៅប្រជាពលរដ្ឋធ្លាប់បានស្នើសុំឱ្យជួយស្ថាបនាផ្លូវមួយខ្សែនេះ តែនៅមិនទាន់ឃើញ ខាងមន្រ្ដីពាក់ព័ន្ធ ណាចុះមកធ្វើទេ»។ ឆ្លើយតបទៅនឹងបញ្ហានេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានថ្លែងថា ផ្លូវនេះស្ថិតនៅក្នុង គម្រោងថ្នាក់ខេត្តជាអ្នកធ្វើ ដោយស្ថាបនាចាក់កៅស៊ូ។ ផ្លូវនេះស្ថិតនៅក្នុងគម្រោងនៅឡើយ គម្រោងផ្លូវនេះធ្លាក់តាមដំណាក់ៗ លោកក៏មិនទាន់ដឹងថាពេលណាជាក់លាក់នៅឡើយដែរ។ លោកបន្តថា«ផ្លូវនេះពិបាកធ្វើដំណើរ ក្នុងរដូវវស្សាពិតមែន ចំពោះការលំបាកនេះ ក៏ដោយសារប្រជាពលរដ្ឋមួយចំនួនចាក់ដីខ្ពស់ជាងផ្លូវ ដែលធ្វើឱ្យហូរដីធ្លាក់ចុះមក។ ក្នុងនាមខ្ញុំជាអភិបាលស្រុក ខ្ញុំសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋថា រដ្ឋបាលស្រុក មានការខិតខំប្រឹងប្រែងណាស់ ហើយបានដាក់គម្រោងស្នើសុំទៅខេត្តអស់ហើយដែរ»។ លោកបានឱ្យដឹងទៀតថា លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋអត់ធ្មត់និងរង់ចាំបន្ដិច ចំពោះការលំបាក ដោយសារថវិកាធ្វើមានចំនួនកំណត់ មិនអាចធ្វើអ្វីឱ្យបានទាំងអស់គ្នានោះទេ គឺត្រូវធ្វើតាមកញ្ចប់ថវិកា ។ លោកថ្លែងថា ៖«មិនមែនរដ្ឋបាលស្រុកធ្វើព្រងើយកន្ដើយ អង្គុយមើលបងប្អូនប្រជាពលរដ្ឋជួបការលំបាក ដោយមិនខិតខំរកគម្រោងថវិកាណាមកធ្វើឬជួសជុលនោះទេ»។ ទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវនេះ ទទូចស្នើសុំឱ្យមានការជួសជុល ឬធ្វើឱ្យបានឆាប់កាន់តែល្អ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង