ពពួកសត្វស្លាបកំពុងរស់នៅតាមតំបន់ព្រៃរ៉ាមសារទន្លេមេគង្គលើបានក្លាយជាផលិតផលទេសចរណ៍នៅឆ្នាំ២០២២នេះ

ខេត្តស្ទឹងត្រែង- ពពួកសត្វស្លាបប្រមាណជាង៩០ប្រភេទ បានក្លាយទៅជាចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ ពេលដែលពពួកសត្វទាំងនេះបានបង្ហាញខ្លួននៅតាមតំបន់រ៉ាមសារ នៃដងទន្លេមេគង្គលើ។

ក្នុងដំណើរទស្សនកិច្ចជាខ្សែសង្វាក់របស់ភ្ញៀវទេសចរជាតិ នៅតាមតំបន់រ៉ាមសារកាលពីថ្មីៗនេះ លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថាសត្វស្លាប់ជាផលិតផលទេសចរណ៍ដ៏ពេញនិយម ព្រោះប្រជាសហគមន៍ បានប្រើទូកដឹកជញ្ជូនភ្ញៀវទស្សនាជាខ្សែចង្វាក់ចាប់ចេញពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ទៅកាន់តំបន់រមណីយដ្ឋាន ព្រះសាខន- តំបន់ថ្មកំបោរកោះហិប- និងបន្តដំណើរទៅរមណីយដ្ឋានសម្រស់កោះហានបន្ថែមទៀត ។

លោកប្រធានមន្ទីរបន្តថាក្នុងដំណើរទស្សនាចរតាមផ្លូវទឹកចម្ងាយជាង៣០គីឡូម៉ែត្រនេះភ្ញៀវទេសចររីករាយសប្បាយជាមួយនឹងធនធានធម្មជាតិ ព្រោះភាពស្មុគស្នាញក្នុងចិត្ត ត្រូវបានជំនួសមកវិញ នូវសំឡេងទឹកហូរ រួមនឹងសំឡេងបក្សាបក្សី និងជំនោរខ្យល់បក់ប្រៀបបានជាតូរ្យតន្ត្រីធម្មជាតិ មកបំពេអារម្មណ៍ឱ្យបំភ្លេចរាល់ទុក្ខកង្វល់។

លោកស៊ីមប៊ុនធឿន ក្នុងដំណើរជាភ្ញៀវទេសចរនិងជាប្រធានអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជាបានកត់សម្គាល់ថា ភ្ញៀវទេសចរតែងមកបោះតង់សម្រាកលេងតាមឆ្នេរខ្សាច់ ចាប់ពីខែកុម្ភៈរហូតដល់ខែមេសាតែនៅឆ្នាំ២០២២នេះ អាកាសធាតុមានការប្រែប្រួលបង្កភាពលំបាកខ្លះៗចំពោះភ្ញៀវទេសចរ។

លោកបន្តថា យើងមានទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែតជួយឧបត្ថម្ភគាំទ្រ និងរាល់ទេសភាពដ៏ល្អប្រណិតនៅតាមរមណីយដ្ឋានអេកូទេសចរណ៍នីមួយៗត្រូវបានក្រុមអ្នកសាព័ត៌មានជាច្រើនស្ថាប័ន ផ្តិតយករូបភាពទៅផ្សព្វផ្សាយបង្ហាញពីភាពអស្ចារ្យនេះជូនភ្ញៀវទេសចរណ៍ ហើយសហគមន៍កំពុងត្រូវការអង្គការដៃគូនេះជួយអភិវឌ្ឍន៍អេកូទេសចរណ៍ឱ្យមានភាពរីកចម្រើនទៅមុខទៀត។

 “ ហើយសំណូមពរទទូចគឺយ៉ាងអង្វរតែម្ដង សូមម្ចាស់ជំនួយដូចខាងដើមសូមមេត្តាជួយបន្តពិសេសគឺគម្រោងបៃតង ប្រសិនបើបានឃើញនូវខ្លឹមសារនេះហើយអាចជាចំណុច ព័ត៌មានសំខាន់យកទៅពិចារណាអាចគាំទ្រលើកស្ទួយ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈ ការអភិរក្សនិងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅទន្លេ មេគង្គលើ។

លោក សាន ម៉ៅ ប្រជាសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងបានអះអាងថា៖ នៅតំបន់អភិរក្ស តាមដងទន្លេមេគង្គលើ សម្បូរបែបនៅហ្វូងសត្វស្លាប ដូចជាក្អែកទឹក -ស្មោញ -ទាទឹក- ប្រវឹក -ប្រវែក- សេក- ក្ងោក -ក្អែកខ្មៅព្រៃ- កុកស- កុកប្រផេះ- កុកត្រពាំង -កុកក្រក -កុកអំបោះ- ត្រយងចង្កំកស-សត្វប្រម៉ង់- រំពេទន្លេ- ទាព្រៃ- ទីទុយ- តៅវ៉ៅជាដើម។ល។ ដែលជាផលិផលផ្នែកទេសចរណ៍ ហើយភ្ញៀវជាតិយើងកំពុងពេញនិយម តាមរយៈការជូនដំណើរមកទស្សនានេះ។

សូមបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍នៅតាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះទៅដល់ព្រំប្រទល់ទឹកដីនៃប្រទេសឡាវមន្ទីរទេសចរណ៍ខេត្តបង្កើតបានជាផ្លូវការបានចំនួន៤ហើយៗគ្រោងនឹងរៀបចំថ្មីមួយទៀតនៅក្នុងស្រុកសៀមបូក ដោយមានការគាំទ្រពីអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP – EP ) តាមរយៈកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) គាំទ្រថវិកាដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) និងស៊ុយអែត ដំណាក់កាលទី៣ រយៈពេល ២ឆ្នាំ គិតចាប់ពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣ និងគម្រោងព្រៃឡង់បៃតង ដំណាក់កាលទី២ គាំទ្រថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រយៈពេល១៨ខែ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង