ឈន ឈុនឡេង ស្ថាបនិកក្រុមហ៊ុន Online App E-School Cambodia ធើ្វបទបង្ហាញកម្មវិធីការសិក្សាជូនរដ្ឋបាលខេត្តកណ្តាល

កណ្ដាល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២

នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ លោក ឈន ឈុនឡេង ស្ថាបនិកក្រុមហ៊ុន Online App E-School Cambodia បានអញ្ជើញជួបសម្ដែងការគួរសម និង ធើ្វបទបង្ហាញកម្មវិធីការសិក្សាតាម Online App E-School Cambodia ជូនមន្ត្រីរដ្ឋបាលខេត្ត ដោយមានកាអញ្ជើញចូលរួមពីលោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្ដាល ។

ក្នុងឱកាសជួបសម្ដែងការគួរសមនេះដែរ លោក ឈន ឈុនឡេង បានបញ្ជាក់ពីគោលបំណង និងសារៈសំខាន់ នៃApp E-School Cambodia គឺផ្ដោតទៅលើការសិក្សាបន្ថែម ក្រៅពីការសិក្សាតាមគ្រឹះស្ថានអប់រំនានា ក្នុងការបង្កើននូវចំណេះដឹង រួមនឹងមេរៀនសំខាន់ៗ សម្រាប់សិស្សានុសិស្សដែលត្រូវប្រឡងគ្រប់កម្រិត ។ App E-School Cambodia បានបង្កើតឡើងចាប់ពីឆ្នាំ២០១៩ មករហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចំពោះសិស្សានុសិស្សក្នុងទូទាំងខេត្តកណ្ដាលដែលបានសិក្សាតាម App E-School Cambodiaមានចំនួន ១១ ៧២៨នាក់។

លោក ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ត្រូវសហការ និងចូលរួមគ្រប់សកម្មភាពផ្សព្វផ្សាយនានា ជាមួយនឹងក្រុមហ៊ុន Online App E-School Cambodia ដើម្បីធើ្វឱ្យវិស័យអប់រំ មានភាពល្អប្រសើរ និងរីកចម្រើន ងាយស្រួលដល់សិស្សានុសិស្ស ទទួលបាននូវមេរៀនល្អ និងចំណេះដឹងថ្មីៗ សម្រាប់ការសិក្សា និងការប្រឡងនានាគ្រប់កម្រិត ជាពិសេស ឪពុកម្ដាយ ឬ អាណាព្យាបាលរបស់សិស្ស អាចពិនិត្យ និងតាមដាន លទ្ធផលការសិក្សារបស់កូនៗបានផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង