ស្ថានទូតអាម៉េរិក៖ សារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian នឹងដាក់បង្ហាញរូបចម្លាក់ព្រះក្រឹស្ណរៈគោវ៌ធន ពីប្រាសាទភ្នំដា ក្នុងស្រុកអង្គរបូរី ខេត្ដតាកែវ ប្រទេសកម្ពុជា

 ភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២

ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាយូរមកលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូក្រឹស្ណរៈគោវ៌ធនដែលមានអាយុកាល ១ ៥០០ ឆ្នាំ និងវត្ថុបូរាណដទៃទៀតរបស់កម្ពុជានឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំប្រទេសកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា ពិព័រណ៍នេះដែលមានឈ្មោះថា«បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា» នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀងដែលបង្កើតឱ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៍នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។

ឯកឧត្ដម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា W. Patrick Murphy បានលើកទឹកចិត្តឱ្យសាធារណជនទស្សនាពិព័រណ៍ពិសេសនេះនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ស្ថានទូតអាម៉េរិកនៅភ្នំពេញ។ ឯកឧត្ដមបាន មានប្រសាសន៍ថា “ខ្ញុំមានមោទនភាពចំពោះការខិតខំនិងកិច្ចសហប្រតិបត្តិការអស់រយៈ ពេលដ៏យូរមករបស់យើងក្នុងការអភិរក្សជួសជុល និងបង្ហាញឱ្យឃើញពីបេតិកភណ្ឌ ដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសកលលោក”។

សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០០១ មកសហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង ៥ លានដុល្លារ ដល់ប្រទេសកម្ពុជាសម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូល និធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង