ពំនូកខ្សាច់កោះទន្សាយ នៅស្រុកបុរីអូរស្វាយសែនជ័យ ស្ទឹងត្រែងជាទីពេញនិយមរបស់ភ្ញៀវទេសចរណ៍បោះតង់

ស្ទឹងត្រែង៖ បន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាល បើកឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញមក ភ្ញៀវទេសចរជាតិ បាននិយមមកបោះតង់សម្រាកលេងកម្សាន្តនៅលើពំនូកខ្សាច់កោះទន្សាយក្នុង  ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលជាទីតាំងរមណីយដ្ឋាន អេកូទេសចរណ៍មួយនៅតាមបណ្ដោយទន្លេមេគង្គលើនៃតំបន់រ៉ាមសារ។

    ក្នុងសកម្មភាពបោះតង់នៅលើពំនូកខ្សាច់កោះទន្សាយ តាមដងទន្លេមេគង្គលើ ក្នុងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យថ្មីៗនេះ លោកលី មីណា អភិបាលស្រុកនេះ បានបញ្ជាក់ថា ៖សក្តានុពលធម្មជាតិទាំងនេះ បានអំណោយផលល្អទៅលើវិស័យទេសចរណ៍ ហើយអាជ្ញាធរស្រុកកំពុងជំរុញឱ្យប្រជាសហគមន៍យកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍របស់មន្ទីរទេសចរណ៍ ធ្វើយ៉ាងណា យកចិត្តទុកដាក់បម្រើសេវាកម្មទេសចរណ៍ ជូនភ្ញៀវឱ្យពេញចិត្ត ពេលបានមកទស្សនាម្ដងហើយ ចង់មកម្ដងទៀត។

  លោកបន្តថា ជាមួយគ្នានេះ ប្រជាសហគមន៍ទាំងអស់ត្រូវលើក កម្ពស់សេវាកម្មគ្រប់បែបយ៉ាងសម្រាប់លើកស្ទួយវិស័យទេសចរណ៍ ទាំងវិស័យដឹកជញ្ជូន ការរៀបចំលក់ដូរអាហារមានគុណភាព  អនាម័យ រសជាតិឆ្ងាញ់ លក់តម្លៃសមរម្យនិងរៀបចំទីតាំងស្នាក់នៅមានបរិស្ថានស្អាត ប្រកបដោយផាសុកភាព។

លោកបន្តថា បន្ថែមពីលើនេះសមាជិកសហគមន៍ទាំងអស់ត្រូវនាំគ្នា ដាំដំណាំរួមផ្សំ បន្លែបង្ការប្រចាំគ្រួសារ ដើម្បីលក់ដូរបាន ប្រាក់ចំណូលនៅក្នុងសហគមន៍យើងផងនិងដើម្បីកែប្រែជីវភាពរស់នៅក្នុងគ្រួសារផង។

   លោក ស៊ីន សុភា សមាជិកសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយបានទទួលយកការក្រើនរំលឹកនេះ  ព្រោះជាកិច្ចការប្រចាំគ្រួសាររបស់យើងនៅពេលមានភ្ញៀវទេសចរណ៍មកលេងច្រើន ការលក់ដូរក៏បានប្រាក់ចំណូលដោយប្រយោលពីវិស័យទេសចរណ៍នេះផងដែរ។

  លោកទទួលស្គាល់ថា ភ្ញៀវទេសចរណ៍ បន្ទាប់ពីរាជរដ្ឋាភិបាល បើកឡើងវិញនូវវិស័យទេសចរណ៍សង្កេតឃើញមានភ្ញៀវទេសចរណ៍ជាតិរបស់យើងមកលេងកម្សាន្តជាហូរហែ នេះហើយជាការជំរុញឱ្យវិស័យសេដ្ឋកិច្ចមានការរីកចម្រើនឡើងវិញនៅតាមទីជនបទ។

   លោក សាន ម៉ៅ អនុប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយសែនជ័យ អ្នកទទួលសេវាដឹកជញ្ជូនបានបញ្ជាក់ថា ប្រជាសហគមន៍តែងបានប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរស្រុក  និងមន្ទីរទេសចរណ៍ផងដែរ ព្រោះថាកិច្ចការងារ ប្រកបសេវាកម្មទេសចរណ៍នេះសមាជិកសហគមន៍តែងទទួល បានការបណ្ដុះបណ្ដាលរួចមកហើយ ដូច្នេះអ្វីកំពុងតែអនុវត្តគឺបានយកចិត្តទុកដាក់ ទាំងផ្នែកសេវាកម្មដឹកជញ្ជូនទាំងផ្នែកទទួលសេវាកម្មម្ហូបអាហារ  ការ ស្នាក់នៅនិងការធានានូវសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរមកលេងកម្សាន្តឱ្យពេញចិត្ត។

   សូមបញ្ជាក់ថា៖រមណីយដ្ឋានបុរីអូរស្វាយសែនជ័យ ភ្ញៀវទេសចរណ៍មកលេងកម្សាន្តបាន បោះតង់នៅកោះទន្សាយ បានទស្សនាសត្វស្លាបនៅតាមដងទន្លេមេគង្គ ពេលថ្ងៃលិច ក៏ដូចថ្ងៃរះ ទស្សនាព្រៃលិចទឹក មានដើមរំចេក ត្រែង  រាំង ដើមជ្រៃ និងថ្មប៉ប្រះទឹក ពំនូកខ្សាច់សក្បុស ដែលជាធនធានសក្តានុពលធម្មជាតិ អំណោយផលទៅលើវិស័យទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវឱ្យមកលេងកម្សាន្តម្ដងហើយចង់មកម្តងទៀត៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង