ចាហួយហាមឃាត់ម៉ាក Thanh Binh សរុប៣៩៥គីឡូក្រាម មកពីវៀតណាម ត្រូវបានមន្ត្រីជំនាញខេត្តកណ្ដាលបង្ក្រាបបាន

កណ្ដាល លោក តូច ចៅកុយ ប្រធានសាខា ក.ប.ប ខេត្តកណ្ដាល បានបើកប្រតិបត្តិការក្នុងការចុះបង្រ្កាប និងចុះត្រួតពិនិត្យទំនិញនានានៅស្រុកស្អាងខេត្តកណ្ដាល ដោយក្នុងនោះអ្នកជំនាញបានរកឃើញនូវចាហួយម៉ាក Thanh Binh ចំនួន៣៩កេស និង៥កញ្ចប់ធំ ទម្ងន់៣៩៥គីឡូក្រាម ដែលជាទំនិញហាមឃាត់ ។

បើតាមលោក តូច ចៅកុយ បានបញ្ជាក់មកកាន់ភ្នាក់ងារព័ត៌មាន TNM  នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះថា មន្ត្រីបានចុះត្រួតពិនិត្យដេប៉ូ ចែកចាយទំនិញចំនួន៣ទីតាំង និងសិប្បកម្ម ១ទីតាំង ស្ថិតនៅក្នុងឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សរុបបាន ៤ទីតាំង ដោយក្នុងនោះរកឃើញមួយកន្លែងបានដាក់លក់នូវប្រភេទទំនិញចាប់ហួយដូរម៉ាក ដែលនាំចូលពីវៀតណាមខុសច្បាប់ ដែលទំនិញនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់តាំងពីឆ្នាំ២០១៦ ព្រោះឃើញថាជាទំនិញដែលគ្មានគុណភាពផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពក្មេង និងមនុស្សដែលបានញ៉ាំយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។

ជាមួយគ្នានេះដែរលោកប្រធាន ក៏បានធ្វើការពិន័យអន្តរការណ៍ ចំពោះអ្នកដែលបានលក់ដូរ និងបានអប់រំ ព្រមទាំងព្រមានផ្លូវច្បាប់ផងដែរ បើសិនជានៅតែបន្តលក់ដូរនិងនាំចូលមកម្ដងទៀត ។

ទោះយ៉ាងណា លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា និងសិស្សានុសិស្សទាំងអស់ ចៀសវាងនូវការទទួលទានចាហួយដូងម៉ាកនេះ ពីព្រោះថាវាគឺជាទំនិញដែលត្រូវបានហាមឃាត់ព្រោះទំនិញគ្មានគុណភាព មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗ។

លោក តូច ចៅកុយ បានបន្តទៀតថា មន្ត្រីនឹងនៅតែបន្តការដឹកនាំមន្ត្រីជំនាញរបស់លោកក្នុងការចុះប្រតិបត្តិការស្រាវជ្រាវ និងពិនិត្យទំនិញនៅតាមបណ្ដាស្រុក-ក្រុងទាំងអស់ទូទាំងខេត្តកណ្ដាល ឲ្យដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារសម្រាប់ប្រជាពលរដ្ឋក្នុងការទទួលទាន ដើម្បីធានាបាននូវសុខភាពល្អ ចៀសវាងការហូបនូវទំនិញដែលប៉ះពាល់សុខភាពនាំឲ្យគ្រោះថ្នាក់ដល់វិត។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង