លោក ចូ បៃដិន និងលោក ស៊ី ជិនពីង ជួបពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូង

TNM(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូងបំផុត នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមប្រភពពីសេតវិមាន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ធ្វើឡើងកំឡុងបុណ្យចូលឆ្នាំចិន និងបន្ទាប់ពីក្រុមមន្ត្រីនៃរដ្ឋាភិបាលប្រទេសទាំង ២ បានចំណាយពេលរាប់សប្ដាហ៍ ដើម្បីរៀបចំកិច្ចពិភាក្សានេះឡើង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងថា លោក បៃដិន បានផ្ញើសារជូនពរប្រជាជនចិនទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិក បានឆ្លៀតលើកឡើងអំពីការងារជាអាទិភាពរបស់លោក ក្នុងនោះរួមមានកិច្ចការពារសន្តិសុខប្រជាជនអាមេរិក, វិបុលភាព, សុខាភិបាល, រក្សាការពារសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក បៃដិន ក៏បានគូសបញ្ជាក់ផងដែរពីកង្វល់របស់លោក ប្រាប់លោក ស៊ី ដូចជាសំណុំរឿងទីក្រុង ហុងកុង, តំបន់ស៊ីនជាំង, តៃវ៉ាន់ និងការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលអាមេរិកចោទថាមិនត្រឹមត្រូវ។ មិនតែប៉ុណ្ណោះមេដឹកនាំទាំង២រូប ថែមទាំងបានផ្លាស់ប្ដូរយោបល់គ្នាទៀតផង លើបញ្ហា COVID-19, សន្តិសុខសុខាភិបាលសកល, ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការរីកសាយអាវុធជាដើម។

គួរបញ្ជក់ថា កិច្ចសន្ទនារវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គឺជាកិច្ចសន្ទនាលើកដំបូងបំផុត ចាប់តាំងពីលោក បៃដិន ជាប់ឆ្នោត និងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកផ្លូវការកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត វាក៏ជាកិច្ចសន្ទនាលើកដំបូងបំផុតផងដែររវាងលោក ស៊ី និងប្រធានាធិបតីអាមេរិក ចាប់តាំងពីមេដឹកនាំចិនរូបនេះបានសន្ទនាជាមួយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែមីនា ឆ្នាំ២០២០ ហើយចាប់ពីពេលនោះមកទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះដុនដាបមកទល់នឹងសព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង