តុលាការ​ដោះលែង​មន្ត្រី​យោធា ដែល​យក​កាំភ្លើង​វាយ​សន្តិសុខ​បែកក្បាល​ដោយសារ​រឿង​បាត់​ស្បែកជើង​ឲ្យ​មាន​សេរីភាព​វិញ​

TNM(កណ្តាល​) ៖តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា នៅ​ចុងខែ​មករា​ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ លោក ថោង ផល្លា​រង្ស៊ី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ដោះលែង​លោក​ផ្កាយ​១​យោធា និង​ជា​បុគ្គលិក​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង ដែល​យក​កាំភ្លើង​វាយ​សន្តិសុខ​បែកក្បាល បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​ដោយសារ​រឿង​បាត់​ស្បែកជើង​មួយគូ បង្ក​ការភ្ញាក់ផ្អើល​ក្នុ​បណ្តាញ​សង្គម ឲ្យ​មាន​សេរីភាព​វិញ​បន្ទាប់ពី​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​មិន​ដល់​មួយខែ​ផង​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រស្មី​កម្ពុជា​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​បានទេ នៅ​រសៀល​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ហេង គា​ហុង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ម​ន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង និង ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​១ ត្រូវបាន​តុលាការ​ឃុំខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​កន្លងទៅ ក្រោម​ការចោទប្រកាន់​ពីបទ ប្រើប្រាស់​អាវុធ​គ្មាន​ខុសច្បាប់ តាម​មាត្រា​២០ ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។​

​អំពើហិង្សា​នេះ កើតឡើង​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១២៖៣០​នាទី រសៀល​នៅ ចំណុច​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព សុខ ម៉េង ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច ថ្លែងថា ជនរងគ្រោះ​ឈ្មោះ ច្រឹ​ក ស៊ីណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ ស្នាក់នៅ​ភូមិ​ត្រពាំង​ប្រុយ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

​ជនរងគ្រោះ ទទួលរង​នូវ ការរង​របួស​បែកក្បាល​ផ្នែក​ខាងឆ្វេង លើ​ត្រចៀក​១​កន្លែង និង ដេរ​អស់​៣​ថ្នេរ ។ វត្ថុតាង​ចាប់យក រួមមាន​អាវុធខ្លី​មួយ​ដើម​ម៉ាក CF98 មាន​បង់​ចំនួន​មួយ និង គ្រាប់​ចំនួន​មួយ​។​

​នៅ​មុនពេល​កើតហេតុ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨៖០០​នាទី ជនរងគ្រោះ​បាន​ទៅ​យាម​ជំនួស​គេ​មួយ​យប់​នៅ គ្លីនិក សុខ ម៉េង ។ នៅពេល​យាម​ដល់​ម៉ោង​ប្រហែល​៥​ទៀបភ្លឺ ក៏មាន​មនុស្ស​ប្រុស​ម្នាក់​មក​សួរ​ជនរងគ្រោះ​ថា «​ពូ​សន្តិសុខ​យាម​នៅ​ហ្នឹង​រាល់ថ្ងៃ​ទៅណា​ហើយ​» ជនរងគ្រោះ​ឆ្លើយថា គាត់​សម្រាក​មួយថ្ងៃ​ហើយ ដោយ​ខ្ញុំ​យាម​ជំនួស​វិញ ។​

​ពេលនោះ​មនុស្ស​ប្រុស​ម្នាក់​នោះ បាន​ខ្ចីលុយ​ពី​ជនរងគ្រោះ​ចំនួន​៣​ពាន់​រៀល ហើយ​ជនរងគ្រោះ​ក៏​ឱ្យ​លុយ​ខ្ចី​ចំនួន​៣​ពាន់​រៀល ហើយ​មនុស្ស​ប្រុស​នោះ​ក៏​ដើរចេញ​ទៅវិញ​ដោយ​ឃើញ​មាន​ពាក់​ស្បែកជើង​ចេញទៅ​ដែរ ។​

​លុះដល់​ម៉ោង​៦​ព្រឹក ទើប​ជនរងគ្រោះ​ចេញទៅ​ផ្ទះ​វិញ​ទៅ រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៨​ព្រឹក ជនសង្ស័យ​បាន​បាត់​ស្បែកជើង​ស៊ក​ស្បែក​ចំនួន​មួយគូ ដែល​ដោះ​ទុក​នៅ​មាត់ទ្វារ​ចូល​គ្លីនិក​របស់ខ្លួន​ធ្វើការ ដោយ​ជនសង្ស័យ​គិតថា បងប្អូន​អ្នកជំងឺ​យក​ពាក់​សិន​ទើប​មិន​រក ។​

​រហូតដល់​ម៉ោង​៨​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ មិនឃើញ​ស្បែកជើង​ទៀត ក៏បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​មើល ឃើញ​បុរស​ម្នា​ក់បាន​ឈរ​និយាយ​ជាមួយ​ជនរងគ្រោះ និង ហុច​លុយ​ឱ្យ​ជនរងគ្រោះ ហើយ​បុរស​នោះបាន​ពាក់​យក​ស្បែកជើង​របស់​ជនសង្ស័យ​ដើរ​ចេញទៅ​។​

​បន្ទាប់ពី​ឆែក​កាមេរ៉ា​សុវត្ថិភាព​ហើយ ជនសង្ស័យ​បាន​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​សន្តិសុខ ដើម្បី​ហៅ​ជនរងគ្រោះ​មក​ជជែក​គ្នា​ឱ្យដឹង​សាច់រឿង​។ រហូតដល់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក ជនសង្ស័យ​បាន​ណាត់​ជាមួយ​ក្រុមហ៊ុន​សន្តិសុខ​ឱ្យ​នាំ​ជនរងគ្រោះ​មក​ជជែក​គ្នា​នៅក្នុង​គ្លីនិក តែ​មិនឃើញ​មក​សោះ ទើប​ជនសង្ស័យ​ខឹង​ក៏​ជិះឡាន​ទៅផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន រាជធានី​ភ្នំពេញ វិញ​ទៅ​។​

​រហូតដល់​ម៉ោង​១២​រសៀល ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ទើប​ក្រុមហ៊ុន​សន្តិសុខ​ទៅដល់​គ្លីនិក មិនឃើញ​ជនសង្ស័យ ក៏​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​មក​ជជែក​គ្នា​វិញ​។ លុះដល់​ម៉ោង​កើតហេតុ ជនសង្ស័យ​ទៅដល់​គ្លីនិក ឃើញ​ជនរងគ្រោះ​ឈរ​នៅមុខ ហើយក៏​យក​កាំភ្លើងខ្លី​ពី​ចង្កេះ​ខោ​មក​វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាលឱ្យ​ដួល ហើយ​ជនសង្ស័យ ក៏​ដើរចូល​ក្នុង​គ្លីនិក​បាត់ទៅ ។​

​ចំណែក​ជនរងគ្រោះ​ត្រូវបាន​បុគ្គលិក​ពេទ្យ​យកទៅ​លាង​របួស​និង​ដេរ​ចំនួន​៣​ថ្នេរ​។ បន្ទាប់មក​ជនរងគ្រោះ​បាន​ទូរស័ព្ទ​រាយការណ៍​ឱ្យ​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ដើម្បី​សាកសួរ ។​

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​យក​កាំភ្លើង​ទៅ​វាយ​ជនរងគ្រោះ​ពិតមែន ដោយសារ​ខឹង​ជួល​ឱ្យមក​យាម​បែរជា​ត្រូវ​គ្នា​ជាមួយ​ចោរ​ទៅវិញ ដើម្បី​លួច​ស្បែកជើង​របស់ខ្លួន ។​

​សូមបញ្ជាក់​ជូន​ថា តាម​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព ឃើញថា មាន​មនុស្ស​ប្រុស​ម្នាក់​បានមក​ហុច​លុយ​ឱ្យ​ជនរងគ្រោះ ប្រាកដ​មែន៕

អត្ថបទដែលជាប់ទាក់ទង