ខ្យល់កន្ត្រាក់បោកបក់បណ្ដាលឱ្យបាក់បង្គោលភ្លើងក្នុងក្រសួងសុខាភិបាលថៃ និងធ្វើឱ្យបុគ្គលិកជាប់គាំងក្នុងអគារ
ប្រទេថៃ៖ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង កាលពីម៉ោង ៧:០០ នាទីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានវាយប្រហារទីក្រុងបាងកក និងតំបន់ជុំវិញ ដោយព្យុះសង្ឃរានេះ បានធ្វើឱ្យបង្គោលភ្លើងជាច្រើនដើមនៅក្នុងបរិវេណក្រសួងសុខាភិបាល ត្រូវដួលរលំជាបន្តបន្ទាប់។ ក្រសួងនេះ មានទីតាំងស្ថិតនៅក្នុងខេត្តនន្ទបុរី និងជាប់ព្រំប្រទល់ទីក្រុងបាងកកតែម្ដង ។
បង្គោលភ្លើងដែលដួលទាំងនោះ បានសង្កត់លើដំបូលចំណតម៉ូតូ និងដួលរាំងផ្លូវចេញចូលអគារធ្វើការ។ ហេតុការណ៍នេះ បានធ្វើឱ្យមន្ត្រី និងបុគ្គលិកជាច្រើននាក់ ត្រូវជាប់គាំងនៅខាងក្នុងអគារ មិនអាចធ្វើដំណើរចេញមកក្រៅបាន ។
ភ្លាមៗនោះ អាជ្ញាធរបានបញ្ជូនជាងអគ្គិសនីឱ្យមកកាត់ចរន្តភ្លើងដើម្បីបង្ការគ្រោះថ្នាក់ ខណៈក្រុមជួយសង្គ្រោះបានធ្វើដំណើរទៅដល់ទីនោះ ដើម្បីជួយយកមនុស្សដែលជាប់គាំងក្នុងអគារចេញមកក្រៅ។ នៅក្នុងទីតាំងក្រសួងនេះ មិនមានសេចក្តីរាយការណ៍ថាមានមនុស្សរងរបួសនោះទេ ប៉ុន្តែនៅតំបន់ផ្សេងទៀត មានការបាក់ដើមឈើ បាក់កញ្ចក់ផ្សារទំនើប និងទឹកជំនន់ជន់លិចផ្លូវជាច្រើនកន្លែង ៕




