សហគមន៍បេឌូអ៊ីននៅតំបន់ West Bank កំពុងញាំញីដោយអំពើហិង្សា និងការរំលោភបំពានពីសំណាក់ក្រុមនិគមជនអ៊ីស្រាអ៊ែល
វេសប៊ែង៖ ស្ថិតនៅក្នុងសហគមន៍ជនបទ រ៉ាស អ៊ែន អាល់អ៊ូហ្សា (Ras Ein Al-Auja) ក្នុងតំបន់វេសប៊ែង (West Bank) ក្រុមគ្រួសារនៃសហគមន៍បេឌូអ៊ីនប៉ាឡេស្ទីន កំពុងប្រឈមមុខនឹងការយាយី និងអំពើហិង្សាជារៀងរាល់ថ្ងៃពីសំណាក់និគមនជនអ៊ីស្រាអ៊ែល ។
ប្រជាពលរដ្ឋនៅទីនោះរងការធ្វើបាបដដែលជាដដែល រួមមានការលួចបង្ហូរទឹកចេញពីទីកន្លែងស្តុកទឹក, ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរ ដែលសម្ពាធទាំងនេះបានបង្ខំឱ្យសហគមន៍ក្បែរខាងជាច្រើនត្រូវបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេរួចទៅហើយ ។
លោក ណាអ៊ីហ្វ ហ្សាយ៉ែឌ (Naif Zayed) អ្នកនាំពាក្យសហគមន៍ បានរៀបរាប់ថា ក្រុមនិគមជនមានចេតនាក្នុងការកាត់ផ្ដាច់ខ្សែភ្លើងសូឡា បំផ្លាញយានជំនិះ និងថែមទាំងដេញសត្វពាហនៈឱ្យចូលទៅរំខានក្នុងផ្ទះរបស់អ្នកភូមិទៀតផង។ អ្វីដែលកាន់តែអយុត្តិធម៌នោះ គឺរាល់ការប៉ុនប៉ងតវ៉ាការពារខ្លួនណាមួយពីសំណាក់ម្ចាស់ស្រុក ជារឿយៗតែងតែត្រូវបានបញ្ចប់ទៅតាមរយៈការចូលអន្តរាគមន៍ពីកងទ័ពអ៊ីស្រាអ៊ែល និងការចាប់ខ្លួនប្រជាជនប៉ាឡេស្ទីនទៅវិញ ។
ខណៈស្ថានភាពសេដ្ឋកិច្ច និងការរស់នៅរបស់អ្នកស្រុក កាន់តែដុនដាបខ្លាំងទៅៗ បន្ទាប់ពីក្រុមនិគមជនបានរឹបអូសយកប្រភពទឹកធម្មជាតិសំខាន់ៗ ដែលធ្លាប់ប្រើប្រាស់សម្រាប់ចិញ្ចឹមមនុស្សរាប់រយគ្រួសារ និងសត្វពាហនៈរាប់ពាន់ក្បាល។ បច្ចុប្បន្ន អ្នកគង្វាលសត្វមិនអាចនាំសត្វទៅរកស៊ីលើសពីរង្វង់ ១០០ ម៉ែត្រពីផ្ទះបានឡើយ ដោយសារតែខ្លាចការវាយប្រហារ សូម្បីតែអ្នកសារព័ត៌មានអន្តរជាតិ ដូចជាក្រុមការងារ RT ជាដើមនោះ ក៏បានក្លាយជាគោលដៅនៃអំពើហិង្សា និងការរារាំងមិនឱ្យថតផ្សាយពីការពិតផងដែរ ។
ក្រុមសកម្មជន និងមន្ត្រីជំនាញបានអះអាងថា គោលដៅធំបំផុតនៃសកម្មភាពវាយប្រហារជាប្រព័ន្ធនេះ គឺដើម្បី «លុបបំបាត់» វត្តមានជនជាតិប៉ាឡេស្ទីនដែលនៅសេសសល់ ឱ្យបង្ខំចិត្តចាកចេញ ដើម្បីយកដីមកពង្រីកនិគមដ្ឋានថ្មី។ យុទ្ធសាស្ត្រនេះ បានផ្លាស់ប្តូររូបរាងទឹកដី West Bank យ៉ាងខ្លាំងនៅក្នុងផែនទី និងធ្វើឱ្យប្រជាជនក្នុងស្រុកស្ថិតក្នុងស្ថានភាពភ័យខ្លាចជាប្រចាំ និងត្រូវតស៊ូយ៉ាងលំបាកដើម្បីសិទ្ធិរស់នៅលើដីកំណើតរបស់ខ្លួន ៕
សម្រួលផ្សាយដោយ ទៀង បុណ្ណរី



