Today Internet

ក្រុមនិស្សិតថៃផ្ទុះការតវ៉ាក្នុងខេត្តមហាសារ៉ាខាម ដឹកនាំការតវ៉ាឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ក្រោយរកឃើញភាពមិនប្រក្រតីជាច្រើន

មហាសារ៉ាខាម, ថៃឡង់ដ៍៖ ផ្ទុះការតវ៉ាទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅមណ្ឌលទី១ ក្នុងខេត្តមហាសារ៉ាខាម ប្រទេសថៃ ដោយចលនាតវ៉ានេះ បានបន្តអូសបន្លាយរហូតដល់ព្រឹកព្រលឹមថ្ងៃអង្គារនេះតែម្ដង ដោយក្រុមអ្នកតវ៉ាបន្តជួបជុំគ្នារហូតដល់ម៉ោង ៣ទៀបភ្លឺ ដែលស្ថានភាពនេះ គឺស្រដៀងគ្នាទៅនឹងការតវ៉ាពេញមួយយប់នៅខេត្តឈុនបុរីយ៉ាងដូច្នោះដែរ ។

នាពេលនោះ ក្រុមអ្នកតវ៉ា ដែលភាគច្រើនជានិស្សិតសកលវិទ្យាល័យ នៅតែបន្តឈរជើងតវ៉ានៅឯទីតាំងខាងលើ ទោះបីជាយប់ជ្រៅយ៉ាងណាក៏ដោយ ដើម្បីទាមទារឱ្យដោះស្រាយភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត តាមរយៈការរាប់សន្លឹកឆ្នោតឡើងវិញដោយតម្លាភាព។ ពួកគេបានលើកឡើងជាថ្មីនូវក្ដីកង្វល់ជុំវិញភាពខុសគ្នារវាងតួលេខនៅតាមមណ្ឌលបោះឆ្នោត និងលទ្ធផលផ្លូវការដែលប្រកាសតាមក្រោយ, ការកែប្រែទិន្នន័យចំនួនអ្នកមកបោះឆ្នោត និងការរកឃើញឯកសារផ្លូវការពាក់ព័ន្ធនឹងការបោះឆ្នោតត្រូវបានបោះចោលក្នុងធុងសំរាមនៅកន្លែងរាប់សន្លឹកឆ្នោតជាដើម ។

ក្រុមអ្នកតវ៉ា និយាយថា ស្ថានភាពនេះឆ្លុះបញ្ចាំងពីភាពមិនប្រក្រតីដែលកើតមានក្នុងខេត្តផ្សេងៗទៀត ដែលបញ្ហាមិនទាន់ដោះស្រាយលើរឿងជាច្រើន រួមទាំង ការកាន់កាប់ហិបឆ្នោត និងនីតិវិធីរាប់សន្លឹកឆ្នោត ដោយបានជំរុញឱ្យមានការតវ៉ាអូសបន្លាយពេញមួយយប់បែបនេះ ។

គិតត្រឹមព័ត៌មានចុងក្រោយនេះ នៅមិនទាន់មានការបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញនៅឡើយទេ ហើយក្រុមអ្នកតវ៉ា បានបញ្ជាក់ថា ពួកគេនឹងបន្តនៅទីនោះរហូតទាល់តែមន្ត្រីអ្នករៀបចំការបោះឆ្នោតផ្ដល់ការពន្យល់ឱ្យបានច្បាស់លាស់ ឬយល់ព្រមត្រួតពិនិត្យសន្លឹកឆ្នោតឡើងវិញ ៕  សម្រួលផ្សាយដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង