Today Internet

ក្រសួងសុខាភិបាលណែនាំពលរដ្ឋឱ្យថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារអំឡុងអាកាសធាតុឡើងកម្តៅខ្លាំង

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅតាមតំបន់មានអាកាសធាតុក្ដៅខ្លាំង ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកម្តៅក្ដៅខ្លាំងនេះ…។  ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានណែនាំឱ្យអនុវត្តវិធីសាស្ដ្រសាមញ្ញៗ រួមមាន៖ ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់ ដោយពិសាទឹកសុទ្ធ ទឹកស្អាតល្អ ឬទឹកដាំពុះ តែទុកឱ្យត្រជាក់ ចៀសវាងប្រើទឹកក្ដៅ) ឬទឹកច្រោះល្អឱ្យបានច្រើន និងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ បើទោះបីជាអ្នកមិនមានអារម្មណ៍ស្រេកទឹកក៏ដោយ។ ចៀសវាងការពិសាភេសជ្ជៈ និងអាហារដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ មានដូចជា គ្រឿងស្រវឹង ឬជាតិអាល់កុល កាហ្វេ តែ ភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន និងមានជាតិស្ករ អាហារដែលមានជាតិប្រូតេអ៊ីន ជាតិប្រៃ ជាតិស្ករ និងជាតិខ្លាញ់ខ្ពស់។  ស្លៀកសម្លៀកបំពាក់ជួយការពារកម្តៅ និងការពារការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជាស្លៀកសម្លៀកបំពាក់ រលុង ស្រាល មានពណ៌ស្រាល អាចប្រើឡេលាបស្បែកការពារកម្តៅថ្ងៃជាជំនួយ និងពាក់មួកដែលមានគែមធំទូលាយ ឬប្រើឆ័ត្រ ធ្វើជារបាំងការពារកម្ដៅថ្ងៃ។ ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូចៗ នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយធ្វើឱ្យមានកម្តៅឡើងបន្ថែម។ ចៀសវាងនៅក្រោមពន្លឺថ្ងៃដោយផ្ទាល់យូរពេក។ ប្រើកន្សែងសើមជូតមុខរបស់អ្នក ឬដាក់វានៅជុំវិញ-ករបស់អ្នក ប្រសិនបើមានអារម្មណ៍ថា ក្ដៅខ្លាំងពេក។ ងូតទឹកត្រជាក់ ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវជៀសវាងការធ្វើឱ្យមានការផ្លាស់ប្ដូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រលប់មកពីសីតុណ្ហភាពក្ដៅ ដែលអាចបណ្ដាលឱ្យមានការថយចុះកម្តៅហួស និងអាចមានគ្រោះថ្នាក់ ជាពិសេសចំពោះមនុស្សវ័យចាស់ ឬកុមារ។   ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះសម្រាប់ព្រឹកព្រលឹមបើអាចធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅមានការថយចុះមកត្រជាក់។ សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយរងគ្រោះដោយសារ អាកាសធាតុក្ដៅ រួមមាន មនុស្សវ័យចាស់អាយុចាប់ពី ៦៥ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ឆ្នាំ អ្នកមានជំងឺ រ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្ដៅ សូមកុំទុកពួកគាត់ចោលដោយមិនបានអើតមើលពួកគាត់។  សូមបញ្ជាក់ថា ហានិភ័យសុខភាពដែលអាចកើតមានដោយសារការទទួលរងនូវកម្តៅក្ដៅខ្លាំង មានដូចជា បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកម្តៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំង ខ្លាំង ចង្អោរ ឬ ក្អួត វិលមុខ ឬឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរ ក្បាលជាដើម៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង