ក្នុងខណៈធ្វើជាប្រធានអាស៊ានប្ដូរវេន រៀបចំកិច្ចប្រជំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ ព័ន្ធនោះ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចកំពូលអាស៊ានអូស្ត្រាលីលើកទី២ ជាមួយ នឹងឯកឧត្តម អានថូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី និងជាសហប្រធាននៃកិច្ចប្រជុំ។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសុទិដ្ឋិនិយមថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងអាស៊ាន-អូស្ត្រាលី នឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើន ទៀតជូនដល់ប្រជាជនទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានវាយតម្លៃខ្ពស់ ដែលប្រទេសអូស្ត្រាលីតែងតែបង្ហាញការគាំទ្រឥតងាករេ មកលើមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម និងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា នៅក្រោមក្របខ័ណ្ឌ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី សម្តេចតេជោ បានកោតសរសើរ នូវល្បឿន និងសមិទ្ធផលដែលភាគីទាំងពីរ សម្រេចបានរួមគ្នា ក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតផ្តួចផ្តើមយ៉ាងច្រើន ជាពិសេសគំនិតផ្តួចផ្តើមអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលនឹងផ្តល់ការគាំទ្រអន្តរវិស័យ ដល់ការអនុវត្តទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក ដែលតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់អូស្តា្រលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ តាមរយៈការដាក់ចេញ នូវកម្មវិធី អូស្ត្រាលី សម្រាប់អាស៊ាន ស្តីពីសេដ្ឋកិច្ច និងការតភ្ជាប់ និងកម្មវិធីគាំទ្រការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ជាដើម។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា សមិទ្ធផលដ៏ត្រចេះត្រចង់នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសន្ទនា ឱ្យកាន់តែស៊ីជម្រៅ៕សម្រួលដោយ ទៀង បុណ្ណរី 
  
 
					អត្ថបទដែលជាប់ទាក់ទង
		
	
	
					 
			

