Today Internet

យុទ្ធនាការសុវត្ថិភាពចរាចរណ៍“ការពារជីវិតអ្នក និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍”

នាថ្ងៃ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយមន្ទីរសាធារណការនិងដឹជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត ព្រមទាំងរដ្ឋបាលស្រុកសូទ្រនិគម បានបើកយុទ្ធការសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ “ការពារជីវិតអ្នក និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាប លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា ។ ក្នុងយុទ្ធនាការនេះក៏មានការចូលរួមពីតំណាងស្នងការនគរបាលខេត្ត មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាក បាទក្រហមស្រុកសូទ្រនិគម លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសិស្សានុសិស្សសរុបជិត២០០នាក់ ។ យុទ្ធនាការនេះ ប្រារព្ធនៅវិទ្យាល័យ ដំដែក ស្រុកសូទ្រនិគម ដោយបានហែក្បួនទៅកាន់ផ្សារ ដំដែក ដើម្បីចែកខិតប័ណ្ណអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនិស្សត អាជីវករ និងសាធារណជន ឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចារចរណ៍នានានៅតាមដងផ្លូវ ។ ជាពិសេសគឺដាស់ស្មារតីប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះដែរក៏មានរៀបចំសំណួរ-ចម្លើយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បិទចំណាំងផ្លាតនៅតាមយានយន្ត ហើយក្រុមការងារក៏បានបែងចែកក្រុម ចុះអប់រំដោយផ្ទាល់នៅក្នុងផ្សារ និងបរិវេណផ្សារ ផងដែរ។ នៅក្នុងពិធីជួបជុំនាឱកាសបើកយុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះ លោក គុជ លីណា បានលើកឡើងថា យុទ្ធនាការនេះជាសារមួយដ៏សំខាន់ ក្នុងការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសក្នុងឱកាសរដូវកាលភ្ជុំបិណ្ឌ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី “ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។ លោក គុជ លីណា បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចៀសផុតបាន គឺពឹងលើការចូលរួមពីយើងគ្រប់គ្នា ពោលគឺផ្តើមចេញពីបុគ្គលខ្លួនយើងម្នាក់ៗ ដោយគោរព និងអនុវត្តន៍តាមច្បាប់ចរាចរណ៍ ។ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធពលគ្រឿងស្រវឹង កុំបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ មុនពេលបើកបរត្រូវពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវ និងបើកបរចេះយោគយល់ អាធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង