ខេត្តកំពង់ធំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២–
នៅព្រឹកថ្ងៃ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២ លោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកសណ្តាន់ រួមជាមួយលោក ស៊ឹម វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកសណ្តាន់ លោកនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បានអញ្ជើញសម្ពោធនូវសមិទ្ធផលនានា នៅក្នុងឃុំទំរីង និងបើកឱ្យប្រើប្រាស់ផ្លូវលំមួយខ្សែប្រវែង ៤ ៥០០ម៉ែត្រ ទទឹង០៦ម៉ែត្រ ស្ថិតនៅក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក ផន សុផុន មេឃុំទំរីងមានប្រសាសន៍ថា ដោយមានការចូល រួមពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជនមួយចំនួន ទើបផ្លូវលំមួយខ្សែនេះបានកើតឡើង។
លោក អ៊ុត វណ្ណរ៉ា បានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ និងបានណែនាំដល់ពួកគាត់ឱ្យចេះថែរក្សា និងការពារខ្លួនពីជំងឺកូវីដ-១៩។ ជាពិសេសសូមឱ្យបងប្អូនកុំប្រព្រឹត្តល្បែងស៊ីសង និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនវាជះឥទ្ធិពល មិនល្អដល់សង្គមជាតិ។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីណាក់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
លោកអភិបាលស្រុក បានបន្ថែមថា បើគ្មានសម្តេចទាំងទ្វេនោះទេ ប្រទេសជាតិរបស់យើងក៏គ្មានសុខសន្តិភាព ដូចសព្វថ្ងៃនេះដែរ។ លោកអភិបាលស្រុក បានចែកជួនអំណោយមួយចំនួនដល់លោកយាយចាស់ជរាម្នាក់អាយុ១០៣ និងប្រជាពលរដ្ឋដែលបានចូលរូមចំនួនជាង ១០០នាក់ក្នុងម្នាក់ៗទទូលបាន សារុង០១ ថវិកា១ម៉ឺនរៀល រូមទាំងថ្នាំពេទ្យមួយចំនួនផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី



