សម្ដេចក្រឡាហោម ស ខេង អាជ្ញាធរបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមតួនាទីភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់

TNM (ភ្នំពេញ)៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា អាជ្ញាធរ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋតាមតួនាទី និងភារៈកិច្ចរបស់ខ្លួន គឺជាកិច្ចការដ៏សំខាន់បំផុត បានសេចក្ដីថា មានទីតាំងកន្លែងការងារល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យបានល្អដែរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម បញ្ជាក់ថា «ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋតាមតួនាទីភារៈកិច្ចរបស់យើង គឺជាកិច្ចការដ៏សំខាន់ បានសេចក្ដីថា យើងមានទីតាំងស្នងការដ្ឋានល្អហើយ ចាំបាច់ត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋឲ្យល្អដែរ ដែលប្រជាពលរដ្ឋផ្ដល់ក្ដីសង្ឃឹម និងជំនឿមកលើយើងទាំងអស់គ្នាថាហ្នឹង ជួយរក្សាសន្ដិសុខ និងសុវត្ថិភាព ជូនពួកគាត់ ហើយនេះជាកិច្ចការយ៉ាងសំខាន់ដែលយើងទាំងអស់គ្នាត្រូវចង់ចាំ និងធ្វើបន្ដទៀត»។

សម្ដេចក្រឡាហោម បន្ដថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំធ្វើយ៉ាងណាឲ្យរដ្ឋបាលសាធារណៈ ឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការងារអ្វីមួយ ដែលពួកគាត់ចង់ធ្វើនោះ ហើយមន្ដ្រីសាធារណៈត្រូវមានលក្ខណៈសមរម្យ ក្នុងគោលបំណងឲ្បប្រជាពលរដ្ឋមានជំនឿទុកចិត្តចំពោះរដ្ឋបាលសាធារណៈ។

សម្ដេចក្រឡាហោម បន្ថែមថា នៅកម្ពុជាបានរៀបចំរដ្ឋបាលប្រមូលផ្ដុំមានចំនួន៣កន្លែង មានដូចជា ៖ ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង។ សម្ដេចក្រឡាហោម គិតថា អគ្គនាយករដ្ឋបាលប្រមូលផ្ដុំ គួរតែពិសោធន៍ និងសិក្សាមើលថា តើការរៀបចំបែបនេះ មានចំណុចល្អ និងចំណុចអាក្រក់ យ៉ាងម៉េច? ដើម្បីពង្រឹងបន្ដទៀត។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវឲ្យអាជ្ញាធរបន្ដពង្រឹងសុខសន្ដិភាព ឲ្យមានជារៀងរហូត ដើម្បីជាគុណប្រយោជន៍នៃការអភិវឌ្ឍន៍ក្នុងសង្គម ទន្ទឹមនិងនោះ ការខិតខំប្រឹងប្រែងពង្រឹងសុខសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានគឺជាកិច្ចការដ៏សំខាន់៕

ដោយ៖TNM

 

អត្ថបទដែលជាប់ទាក់ទង