អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំសកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០

TNM(ភ្នំពេញ)៖ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តី និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «កិច្ចប្រជុំនាពេលព្រឹកនេះ យើងរៀបចំកម្មវិធីចំនួន០២ រួមមាន៖ បើកកិច្ចប្រជុំសកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០ និងកម្មពិធីប្រកាសចូលកាន់ មុខតំណែង មន្ដ្រីរាជការចំនួន០២រូបផងដែរ»។

បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានពិនិត្យរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០ បន្ទាប់មកទៀតឯកឧត្តមក៏បន្តអញ្ជើញដឹកនាំប្រជុំបូកសរុបវាយតម្លៃការងារក្នុងខែកក្កដាកន្លងទៅ ព្រមទាំងពិនិត្យ ពិភាក្សាដើម្បីលើកទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ស្ដីពី សកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅបន្ដសម្រាប់ខែសីហា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានរដ្ឋបាល បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានរដ្ឋបាល បានអនុវត្តការងារតាមតួនាទី និងភារកិច្ច ដូចជា៖ បានទទួលលិខិត និងឯកសារ ដែលបញ្ជូនមកពីអគ្គលេខាធិការដ្ឋាន និងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃសរុបចំនួន៩៨១ច្បាប់ និងបានធ្វើការបែងចែកជូនទៅនាយកដ្ឋានចំណុះ រួមមាន ៖ នាយកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត ចំនួន៤៩៥ច្បាប់ នាយកដ្ឋានកិច្ចការដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ចំនួន៥៣ច្បាប់ នាយកដ្ឋានបុគ្គលិកចំនួន២៦៦ច្បាប់ នាយកដ្ឋានបណ្ដុះបណ្ដាលចំនួន៣១ច្បាប់ នាយកដ្ឋានមុខងារ និងធនធានចំនួន៣៧ច្បាប់ និងនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយចំនួន៩៩ច្បាប់។

សូមជម្រាបផងដែរថា ក្នុងឱកាសនៃកិច្ចប្រជុំស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តសម្រាប់ខែសីហា ឆ្នាំ២០២០របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងពេលតែមួយនេះ ក៏មានការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមន្ដ្រីរាជការចំនួន០២រូបជា អគ្គនាយករង និងប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល រួមមាន ៖ លោក ឆាន់ ចន្ទសុភក្ដិ៍ ឋានន្ដរស័ក្តិ ឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោក ឆាង វ័យ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រី ថ្នាក់លេខ៤ ជាប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង