ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

TNM (ខេត្តស្វាយរៀង)៖នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងនិងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមានឯកឧត្ដម លោកជំទាវ លោក លោកស្រីគណៈប្រតិភូក្រសួងយុត្តិធម៌ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមអភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ លោកប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងបងប្អូនប្រជាពលរដ្ឋចំនួន ៣៤២នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ពិធីដុតបំផ្លាញគ្រឿងញៀនដែលប្រារព្ធធ្វើនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន និងសម្រេចបានលទ្ធផលដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញ ដូចអ្វីដែលបានឃើញនិងដុតបំផ្លាញចោលនៅថ្ងៃនេះ។

មានប្រសាសន៍ក្នុងឱកាសនោះផងដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត ប្រធានសាលាដំបូង ព្រះរាជអាជ្ញា មន្ត្រីតុលាការ មន្ត្រីនគរបាលយុតិ្តធម៌ របស់ខេត្តទាំង៤ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការ ពុះពារយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ នាពេលកន្លងមក។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់មន្រ្តីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងដើម្បីជាឧត្តមប្រយោជន៍ ដល់សង្គមជាតិយើងទាំងមូល។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលឹកជូនអង្គពិធីនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២០ នេះ ដែលក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «អ្នកញៀនគ្រឿងញៀនដែលជាជនរងគ្រោះពិតប្រាកដ ត្រូវបានយកចិត្តទុកដាក់ ដោះស្រាយ និងជួយសង្គ្រោះឲ្យបានសមស្រប ប៉ុន្តែឧក្រិដ្ឋជន និងជនលើ្មសពាក់ព័ន្ធនឹងការផលិត ការកែច្នៃ ការរក្សាទុក ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់ គឺត្រូវតែបានផ្តទ្ទាទោសយ៉ាងតឹងរឹងទៅតាមនីតិវិធីនៃច្បាប់»។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងជាតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន ៣ ទៀត គឺកំពង់ចាម ត្បូងឃ្មុំ និងព្រៃវែង បានបញ្ជាក់ថាគ្រឿងញៀន ព្រមទាំងសារធាតុគីមីផ្សំ ដែលបានដុតបំផ្លាញនៅក្នុងពិធីនេះមានចំនួន សរុប ៣៩.១១២,១៤ក្រាម ដែលបានមកពីការបង្រ្កាបក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេលពេញមួយឆ្នាំ ក្នុងភូមិសាស្ត្រខេត្តចំនួន៤៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង