ក្រសួងមហាផ្ទៃ បិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ

TNM(ភ្នំពេញ)៖ក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូមរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធនានា ព្រមទាំងអភិបាល ក្រុង ស្រុក ខណ្ឌ មកពីបណ្ដារាជធានី-ខេត្ត ទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកគ្រូ-អ្នកគ្រូ ដែលខិតខំប្រឹងប្រែង ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ហើយវគ្គបណ្តុះបណ្តាលនេះដែរ បានរៀបចំឡើងយ៉ាងពិសេស ពីភាពជាអ្នកដឹកនាំ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងគោលដៅលើកកម្ពស់ សមត្ថភាពឱ្យកាន់តែប្រសើរឡើងទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយកំណែទម្រង់ វិមជ្ឈការ និងវិសហម្ឈការ»។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដុលនេះរួច ឯកឧត្តម ជឿជាក់ថា អភិបាល ក្រុង ស្រុក ខណ្ឌនិងទទួលបាន នូវចំណេះដឹង និងចំណេះធ្វើថ្មីសម្រាប់យកទៅអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះក្រោយពីបានមកសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះ អភិបាល ក្រុង ស្រុក ខណ្ឌ និងយកចំណេះដឹងដែលបានរៀនសូត្រ ទៅចែករំលែកទៅដល់សហការី និងមន្ត្រីក្នុងមូលដ្ឋាន យកទៅប្រើប្រាស់ដើម្បីជាផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់៣១ ខែកក្កដា ឆ្នាំ២០២០ ដែលមានសិក្ខាមចូលរួមសរុប ចំនួន១៣០រូប (ស្រីចំនួន៥រូប)។ សមាសភាពអ្នកចូលរួមគឺជាប្រធានក្រុមប្រឹក្សា និងអភិបាល ក្រុង ស្រុក ខណ្ឌ ដែលអញ្ជើញមកពីបណ្ដា ក្រុង ស្រុក ខណ្ឌ គោលចំនួន៧០ ពីគ្រប់រាជធានី-ខេត្ត។

យោងតាមរបាយការណ៍វគ្គបណ្ដុះបណ្ដាលស្ដីពី ភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពរបស់សិក្ខាកាម ដូចជា៖ លើកកម្ពស់អភិបាលកិច្ចនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ, ការធ្វើសេចក្ដីសម្រេចចិត្តជាយុទ្ធសាស្ដ្រឲ្យកាន់តែមានប្រសិទ្ធភាព និងភាពឆ្លើយតប, ការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រង។

បន្ទាប់ពីការថ្លែងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់ថ្នាក់ដឹកនាំ នៅរដ្ឋបាល ក្រុង សុ្រក ខណ្ឌរួចមក ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូន ដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌ ទាំង២៥រាជធានី-ខេត្ត ចំនួន១៣០រូប ស្រីចំនួន៥រូប ៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង