រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងសមិទ្ធផលរយៈពេល៦ខែរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្

TNM(ខេត្តសៀមរាប)៖ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្របានរៀបចំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនិងសមទ្ធិផលរបស់គម្រោងដែលបានអនុវត្តក្នុងរយៈពេល៦ខែក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសម្របសម្រួលគម្រោង និងជាប្រធានគណៈកម្មាធិការតម្រង់ទិស ព្រមទាំងមានការចូលរួមពីលោក លី សំរិទ្ធ អភិបាលរងខេត្តទទួលបន្ទុកគម្រោង និងឯកឧត្តម លោក លោកស្រីដែលជាសមាសភាពពាក់ព័ន្ធគម្រោង។

នាឱកាសបើកកិច្ចប្រជុំ ឯកឧត្តម ងី ច័ន្ទ្រផល បានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងក្នុងរយៈពេល៦ខែកន្លងមកដោយទទួលបាននូវសមទ្ធិផលជាច្រើននៅតាមក្រុង ស្រុក ឃុំ សង្កាត់ដែលជាគោលដៅរបស់គម្រោងលាភ។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថាដោយស្ថានភាពកូវីដ១៩ បានធ្វើឱ្យគម្រោងរបស់យើងមានភាពយឺតយ៉ាវបន្តិច តែទោះជាយ៉ាងណាយើងក៏សម្រេចបាននូវសមទ្ធិផលជាច្រើនដែលជាផែនការរបស់គម្រោងដូចជាក្រុមសន្សំ ក្រុមផលិត ការអភិវឌ្ឍន៍ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធារាសាស្ត្រដែលយើងអនុវត្តបានយ៉ាងល្អប្រសើរស្របទៅតាមការណែនាំរបស់ក្រុមបច្ចេកទេសគម្រោងលាភ ជាពិសេសអាចលើកស្ទួយដល់ជីវភាពគ្រួសាររបស់ខ្លួនកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម បានស្នើដល់ក្រុមការងារគម្រោងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើងនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលជាសមាជិករបស់គម្រោង ដើម្បីយកមកដោះស្រាយជូនពួកគាត់ ពិសេសក្រមការងារក្រុង ស្រុក ឃុំ សង្កាត់ត្រូវកំណត់អត្តសញ្ញាណក្រីក្រឱ្យបានច្បាស់លាស់។

ក្រោយពីការធ្វើបទបង្ហាញស្តីពីសមទ្ធិផល និងបញ្ហាប្រឈមដែលបានអនុវត្ត៦ខែដោយលោក ហេង សុផាត ប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិរួចមក អង្គប្រជុំបានធ្វើការពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីរកចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការរកដំណោះស្រាយលើបញ្ហាប្រឈមដែលក្រុមការងារបានអនុវត្តកន្លងមក ហើយកែប្រែបញ្ហាទាំងនោះទៅជាទិសដៅដើម្បីអនុវត្តឱ្យទៅជាចំណុចខ្លាំងវិញ។

ឯកឧត្តម ងី ច័ន្ទ្រផល បន្ទាប់ពីពិភាក្សារួចមក យើងក៏បានប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់ធ្វើជាទិសដៅនិងបានដាក់ផែនការបន្ទាប់ដល់ក្រុមការងារទាំងអស់ត្រូវយកបញ្ហាប្រឈមដែលបានរកឃើញទៅកែលម្អឱ្យមានលក្ខណៈប្រសើរឡើងថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្ថែមថា ចំពោះក្រុមផលិតដែលជួបបញ្ហាខ្វះពូជសត្វនិងទីផ្សារនោះ សូមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់បន្ថែមនូវពូជនិងបច្ចេកទេសបន្ថែមទៀតដល់គ្រួសារក្រីក្រទាំងនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ ដោយផ្តោតសំខាន់លើការរកទីផ្សារដល់ក្រុមផលិត ជៀសវាងគាត់ផលិតបានហើយរកទីផ្សារពុំបាន។

ម្យ៉ាងទៀត យើងត្រូវពង្រីកទីផ្សារបន្លែសុវត្ថិភាពឱ្យបានបានច្រើនកន្លែង ដើម្បីបងប្អូនងាយស្រួលក្នុងការទិញនិងលក់ផងដែរ។ ដោយឡែក ចំពោះក្រុមសិក្សាជំនាញយើងក៏ត្រូវតែជំរុញនិងជ្រើសរើសពួកគាត់ ព្រោះថាការសិក្សាជំនាញនេះពិតជាមានសារៈសំខាន់ដល់ពួកគាត់ដែលអាចប្រើប្រាស់បានក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ មួយវិញទៀត ក្រុមសន្សំយើងក៏ឃើញថាការអនុវត្តរបស់ពួកគាត់ក៏មានការរីកចំរើននិងទទួលបានផលគួរឱ្យកត់សម្គាល់ផងដែរ៕

 

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង