រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត

TNM(ខេត្តស្ទឹងត្រែង)៖នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត នៅសាលប្រជុំតូចសាលាខេត្ត។

ក្នុងប្រសាសន៍បូកសរុប ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗដើម្បីអនុវត្តបន្តដូចខាងក្រោម៖
១)-ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សំដៅធានានូវការអភិវឌ្ឍ។
២)-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីផ្តល់ជំនឿទុកចិត្ត និងភាពជឿជាក់ជូនប្រជាពលរដ្ឋដែលមកទទួលយកសេវា។
៣)-ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់មន្ត្រីរាជការរបស់យើង។
៤)-មន្ទីរសុខាភិបាល ត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
៥)-ជំរុញទប់ស្កាត់ និងបង្ក្រាបបទលើ្មសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដើម្បីរក្សាបាននូវស្ថេរភាពសង្គម។
៦)-ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
៧)-មន្ទីរផែនការ ត្រូវសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជំរុញការធ្វើបណ្ណក្រីក្រជូនប្រជាពលរដ្ឋ (ក្រីក្រ១ និងក្រីក្រ២) ជូនដល់គ្រួសារប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ ដើម្បីឧបត្ថម្ភសាច់ប្រាក់ប្រកប ដោយតម្លាភាព និងសមធម៌៕

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង