អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យសិក្សាវាយតម្លៃស្ថានភាពស្ពានចាស់ព្រែកកំពង់បាយ ស្ថិតក្នុងក្រុងកំពត ដើម្បីដាក់សំណើគោលការណ៍សាងសង់ថ្មីពីប្រមុខរាជរដ្ឋាភិបាល

TNM (ខេត្តកំពត)៖នៅរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ អៀង នាយករងនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ រួមនិងថ្នាក់ដឹកនាំខេត្តមន្ត្រីពាក់ព័ន្ធ និងប្រតិភូ កងវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យវាយតម្លៃស្ថានភាពស្ពានចាស់ទ្រុឌទ្រោម ដែលឆ្លងកាត់ព្រែកកំពង់បាយក្រុងកំពត ខេត្តកំពត(ស្ពានឥន្ធនូរ)។

គោលបំណងរបស់ថ្នាក់ដឹកនាំខេត្ត និងកងវិស្វកម្មក្រសួងការពារជាតិបានអញ្ជើញចុះនាពេលនេះ គឺដើម្បីពិនិត្យសិក្សាស្វែងយល់ ឲ្យបានជាមូលដ្ឋានសម្រាប់ធ្វើសំណើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសាងសង់ស្ពានថ្មីឡើងវិញ ដែលបច្ចុប្បន្ននេះស្ពានចាស់នេះមិនមានរថយន្តទាំងតូចទាំងធំឆ្លងកាត់ឡើយគឺឆ្លងកាត់បានតែម៉ូតូ និងការធ្វើដំណើរដោយថ្មើរជើងតែប៉ុណ្ណោះ។

នៅក្នុងឱកាសនោះ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានដាក់សំណូមពរដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ អៀង សូមស្នើឱ្យមានការជំរុញពន្លឿនសិក្សាគម្រោងសាងសង់ស្ពានថ្មីនេះឲ្យបានឆាប់រហ័ស នៅដើមឬចុងខែសីហាឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះដែរ បើតាមការឲ្យដឹងរបស់ ឯកឧត្តម ជាវ តាយអភិបាលខេត្ត បានបញ្ជាក់ថា ស្ពានថ្មីនេះ ក្រោយពីបានគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី
រួចរាល់ហើយនោះ ស្ពាននេះអាចនឹងសាងសង់មិនឲ្យលើសពី រយៈពេល២ ឆ្នាំឡើយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង ក៏បានសំដែងការខិតខំយកចិត្តទុកដាក់នឹងសន្យាជំរុញចំពោះការឆ្លើយតបសំណើនិងសំណូមពររបស់ឯកឧត្តម ជាវ តាយអភិបាលខេត្ត ដោយបានបញ្ជាក់ថា ធ្វើយ៉ាងណាជំរុញការសិក្សាគម្រោងនេះឲ្យបានលឿនឆាប់ចប់ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់សំណើគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលសម្រេចបានឆាប់រហ័ស។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់បន្ថែមផងដែរថាការសាងសង់ស្ពាននេះក្នុងគោលបំណងជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋទូទៅ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន និងការកើនឡើងចំនួនភ្ញៀវទេសចរជារៀងរាល់ឆ្នាំ ម្យ៉ាងទៀតដើម្បីបញ្ចៀសការស្ទះចរាចរណ៍ដែលតែងកើតមានឡើងជាប្រចាំ៕

 

ដោយ៖TNM

 

អត្ថបទដែលជាប់ទាក់ទង