អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការបំពេញការងារប្រចាំថ្ងៃ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពក្រោមចំណុះ

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបំពេញការងារប្រចាំថ្ងៃ បញ្ហាប្រឈម និងសំណូមពររបស់លោក លោកស្រី វរសេនីយ៍ អនុសេនីយ៍ អស់លោក លោកស្រីជាមន្ត្រីការិយាល័យតាមនាយកដ្ឋានទាំងអស់ចំណុះអគ្គាធិការដ្ឋាន។

បន្ទាប់មកនារសៀលថ្ងៃដដែល ឯកឧត្តម អញ្ជើញបន្តកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី លក្ខខណ្ឌ របៀបរបបការងារ បញ្ហាប្រឈម និងសំណូមពររបស់ លោក លោកស្រី វរសេនីយ៍ អនុសេនីយ៍ ជានាយរងការិយាល័យ នៃនាយកដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនគរបាល និងនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមបានមានប្រសាសន៍ថា ការជួបសំណេះសំណាលពេលនេះ ដើម្បីបង្កើនភាពស្និទ្ធស្នាលគ្នាស្វែងយល់ពីបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមមពរនានាដែលបានជួបកន្លងមកដែលមិនដែលមានឱកាសជួបថ្នាក់លើដើម្បីបានជម្រាបជូន ដែលទុកតែនៅក្នុងចិត្តនោះ។ ឯកឧត្តមបានជម្រុញឱ្យមានភាពក្លាហានពេលនេះជាឱកាសសម្រាប់បងប្អូនអាចលើកជាយោបល់ បញ្ហាប្រឈមបានជួបកន្លងមក ចៀសវាងទៅនិយាយបកស្រាយនៅតែខាងក្រៅអង្គភាព ជាប្រការមួយមិនល្អនោះទេក្នុងជាមន្ត្រីរាជការ បើមានអីគួរលើកឡើងនៅពេលនេះមកកុំខ្លាចបារម្ភ ឬរងសំពាធពីអ្នកណានោះ។

ឯកឧត្តមបានលើកឡើងក្តីបារម្ភថា កន្លងមកមានបងប្អូនណាត្រូវគេកាត់ប្រាក់ខែ ឬដកយកកាតATM ទេ ព្រោះជាផលប្រយោជន៍របស់បងប្អូនត្រូវទទួលបាន បើមានសូមប្រាប់មកដោយកុំខ្លាចឬបារម្ភនោះ ដោយឯកឧត្តមជាប្រធានអង្គភាព ត្រូវតែការពារបងប្អូនជាដាច់ខាត។ ឯកឧត្តមបានបន្តទៀត ក្នុងនាមឯកឧត្តមជាប្រធានអង្គភាព ដាច់ខាតមិនប៉ះពាល់ផលប្រយោជន៍ណាមួយរបស់បងប្អូន បើគេយកឈ្មោះឯកឧត្តមប្រើសុំប្រាប់ ជាពិសេសការតែងតាំងមុខតំណែង ឬឡើងសក្តិ អ្វីដែលឯកឧត្តមចង់បានគឺសូមបងប្អូនមកខិតខំបំពេញការងារតាមតែតួនាទី ភារកិច្ចរបស់ខ្លួន ហើយការលើកចិត្តនឹងផ្តល់ជូនទៅតាមសកម្មភាពការងារប្រកបដោយតម្លាភាព។ ឯកឧត្តមបានសំដែងក្តីសប្បាយចិត្តដែលបងប្អូនថាមិនមានអ្នកណាត្រូវគេកាត់ប្រាក់ខែ ឬដកយកATMនោះ។

ឯកឧត្តមបានលើកឡើងថា នាយរងការិយាល័យ និងមន្រ្តីពិតជាមានសារៈសំខាន់ ជាកាតាលីករ ជម្រុញអង្គភាពឱ្យមានការរីកចម្រើនជាអ្នកប្រតិបត្តិការងារផ្ទាល់ ដោយមានទាំងចំណេះ ជំនាញផ្សេងៗគ្នា ហេតុនេះត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់តាមរយៈការខិតខំបំពេញការងារ។ ឯកឧត្តមបានបន្តទៀតថា អ្នកទាំងអស់គ្នាជានាយរងការិយល័យ ជាមន្ត្រីពេលនេះមែន តែសុទ្ធជាអ្នកបន្តវេន ត្រូវចេះរៀបចំខ្លួន ខិតខំពង្រឹងសមត្ថភាព ស្រាវជ្រាវ ខំរៀនបន្ត ជាពិសេសគោរពវិន័យ រក្សាឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមជាមន្រ្តីរដ្ឋបាល និងនគរបាល កុំប្រកាន់បក្សពួក ត្រូវចាត់ទុកថាយើងជាមហាគ្រួសារតែមួយ ត្រូវមានមនសិការចំពោះការងារ បំពេញការងារដោយទន់ភ្លន់តែមិនទាន់ជ្រាយ បើអវត្តមានត្រូវសុំច្បាប់ឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានជម្រុញ ឱ្យខិតខំស្រាវជ្រាវស្វែងយល់ពីតួនាទីភារកិច្ចឱ្យបានច្បាស់របស់អង្គភាពរបស់ខ្លួន អង្គភាពថ្នាក់ជាតិ និងក្រោមជាតិក្រោមឱវាទក្រសួងមហាផ្ទៃ ព្រមទាំងលិខិតបទដ្ឋាននានា ដោយសារអង្គភាពយើងជាអ្នកត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់អង្គភាពទាំងនោះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមបានថ្លែងការអរគុណ និងសង្ឃឹមថា អស់លោក លោកស្រី ខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ចៀសវាងបញ្ហាអសកម្ម ដើម្បីការរីកចម្រើនរបស់អង្គភាព៕

   

ដោយ៖TNM

អត្ថបទដែលជាប់ទាក់ទង