ឯកឧត្តម វ៉ាត់ ចំរើន៖ វគ្គរដ្ឋបាលកីឡាមានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមន្ត្រីកីឡាបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានបញ្ចាក់ថា វគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពី រដ្ឋបាលកីឡា ដែលជាវគ្គសិក្សា ប្រចាំឆ្នាំរបស់ NOCC ជូនដល់មន្ត្រីកីឡា ចំនួន២៥នាក់ ក្នុងនោះមានដូចជា មន្ត្រីតាមសហព័ន្ធកីឡាជាតិ និងមន្ត្រីក្នុងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីចែករំលែក ចំណេះដឹង ទ្រឹស្តី និងគោលការណ៍កីឡា ជួយជំរុញឲ្យពួកគាត់កាន់តែរឹងមាំក្នុងការបំពេញការងារកីឡាកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម បន្ថែមថា ដោយទទួលបាន ការជំរុញពី ឯឧត្តមបណ្ឌិត ថោង ខុន ប្រធាន NOCC យើងបានរៀបចំ វគ្គសិក្សានេះឡើង និងនៅមាន វគ្គបណ្តុះបណ្តាល ជាច្រើន នៅតាមបណ្តាខេត្តផ្សេងៗទៀត ដោយសហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា នៃបណ្តាខេត្ត ទាំងនោះ ដោយ NOCC បានស្នើសុំ គោលការណ៍ ពីក្រសួងអប់រំ យុវជន និងកីឡា រួចរាល់ហើយ។ វគ្គរដ្ឋបាលកីឡានេះ ផ្តោតសំខាន់ ទៅលើវេជ្ជសាស្ត្រកីឡា ការរៀបចំ រចនាសម្ព័ន្ធកីឡា ប្រវត្តិកីឡា គោលការណ៍ លេងដោយយុត្តិធម៌ រួមទាំងចំណេះដឹង ស្តីពី ភាពជាអ្នកដឹកនាំ ក្នុងវិស័យកីឡាផងដែរ។ ដូច្នេះ នេះជាការប្រមូលផ្តុំ ខ្លឹមសារ ដើម្បីបញ្រ្ជាប ការយល់ដឹង ពីប្រព័ន្ធគ្រប់គ្រង នៃវិស័យកីឡាជាតិ និងអន្តរជាតិ ដើម្បីជួយធ្វើឲ្យសិក្ខាកាម ទាំងអស់ ទទួលបានចំណេះដឹង បន្ថែមពីចរន្តការងារ រដ្ឋបាលកីឡា និងការងារទំនាក់ទំនង ក្នុងរង្វង់ជំនាញកីឡា ឲ្យកាន់តែរលូន និងកាន់តែ មានប្រសិទ្ធភាពខ្ពស់។
គ្រូឧទ្ទេសរូបនេះ សង្កត់ធ្ងន់ថា វគ្គសិក្សារដ្ឋបាលកីឡានេះ មានសារសំខាន់ណាស់ សម្រាប់ពួកគាត់ ហើយនៅបញ្ចប់វគ្គសិក្សា ពួកគេនឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ដោយមានចុះហត្ថលេខា របស់ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកអន្តរជាតិ (IOC) ដែលត្រូវបានទទួលស្គាល់ និងមានតម្លៃជាសាកលតែម្តង។ «បើទោះបីជាវគ្គសិក្សារដ្ឋបាលកីឡានេះ មានរយៈពេលខ្លី ត្រឹមតែ៤ថ្ងៃក៏ពិតមែន ប៉ុន្តែគ្រូឧទ្ទេសនានា បានចែករំលែកនូវចំណេះដឹងទាំងអស់នេះ ដើម្បីយកទៅបំពេញការងារប្រកបដោយប្រសិទ្ធភាព ក្នុងការដឹកនាំ គ្រប់គ្រងវិស័យកីឡាជំនាញនីមួយៗ និងរួមគ្នាធ្វើកិច្ចការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ»។
គូសបញ្ជាក់ថា «វគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា» ក្រោមការជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុ ពីអង្គការ សាមគ្គីអូឡាំពិក អន្តរជាតិ បានដំណើរការ ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា បង្រៀន ដោយគ្រូឧទ្ទេស ចំនួន៣រូប តាមប្រព័ន្ធបច្ចេកវិទ្យា Zoom។ ចំពោះលទ្ធផល នៃវគ្គនេះរួមមាន៖ និទ្ទេសល្អណាស់ ៧នាក់ = ៣០% និទ្ទេសល្អ ១០នាក់ = ៤៣% និងនិទ្ទេសមធ្យម ៦នាក់ = ២៧%៕
អត្ថបទដែលជាប់ទាក់ទង