ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យយុវវ័យអនុវត្តវិធីសាស្រ្ត«៣កុំ១ការពារ»ដើម្បីកសាងភាពធន់ក្នុងសង្គម និងទប់ទល់នឹងព័ត៌មានក្លែងក្លាយក្នុងសម័យបច្ចេកវិទ្យាឌីជីថល។
ការជំរុញបែបនេះធ្វើឡើងនៅចំពោះមុខលោកគ្រូអ្នកគ្រូសិស្សានុសិស្សចំនួនប្រមាណ ២ ៣០០នាក់ក្នុងឱកាស ឯកឧត្តមអញ្ជើញចូលរួមជាអធីបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហានទី២ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី។
ឯកឧត្តមបានបញ្ជាក់ថា វិធីសាស្រ្ត«៣កុំ ១ការពារ» រួមមាន ៖
-ទី១ កុំទាន់ជឿ ៖ បើឃើញព័ត៌មានប្លែកធ្វើឱ្យរំជើបរំជួល ឬគួរឱ្យខ្លាច ត្រូវគិតសិនកុំអាលវាយតម្លៃថាជាការពិត ខ្លាចជាការប្រឌិតព័ត៌មានដើម្បីទាក់ទាញការចូលមើល(View)។
-ទី២ កុំទាន់ចែករំលែក (Share) ៖ ត្រូវចំណាយពេល ១៥វិនាទីពិនិត្យប្រភពឱ្យច្បាស់ បើមិនច្បាស់ដាច់ខាតកុំចែករំលែក។
-ទី៣ កុំប្រហែស ៖ ត្រូវការពារលេខកូដសម្ងាត់គណនីរបស់យើងកុំឱ្យអ្នកណាដឹង និងមិនត្រូវចុចលើតំណ (Link)ប្លែកៗ ផ្តេសផ្តាស់ ដែលគ្មានប្រភពច្បាស់លាស់ឡើយ។
ចំណែក ១ការពារ ៖ គឺត្រូវការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ដោយបង្កើន «អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។
ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានមានប្រសាសន៍គួសបញ្ជាក់ថា «នៅក្នុងការរស់នៅជាមួយពិភពឌីជីថលយុវវ័យបច្ចុប្បន្នកំពុងប្រឈមខ្លាំងនឹងគ្រោះថ្នាក់ចម្បង ៣យ៉ាងរួមមានៈ ទី១.ព័ត៌មានក្លែងក្លាយ ៖ មានដូចជាការប្រឌិតរឿង កាត់តរូបភាពបង្កើតភាពវឹកវរក្នុងសង្គម ទី២.ការផ្សាយដើម្បីឆបោកតាមអនឡាញ ដោយជនឆបោកបានផ្ញើលីងបោកប្រាស់ដើម្បីលួចទិន្នន័យ និងគណនី និងទី៣.ការគំរាមកំហែងតាមសម្តីតាមរយៈការប្រើប្រាស់ពាក្យជេរប្រមាថ និងបង្ហោះរូបភាពសើចចំអកអនឡាញ។
នៅក្នុងឱកាសនោះ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសម្តេចហ៊ុន សែនភ្នំពេញថ្មីបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។
យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សូមបញ្ជាក់ថា ការលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាកត្តាលីករដ៏សំខាន់ក្នុងការកសាងភាពធន់ក្នុងស្រទាប់គ្រួសារ និងសហគមន៍កម្ពុជា វានឹងជួយពង្រឹងសមត្ថភាពម្ចាស់ការក្នុងការបង្ការ និងទប់ស្កាត់រាល់ហានិភ័យ ព្រមទាំងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល និងការបំភាន់មតិក្នុងចេតនាទុច្ចរិត៕ by AKP

អត្ថបទដែលជាប់ទាក់ទង

