ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមហ៊ុន CMG Prime Machinery ដែលជាតំណាងចែកចាយបន្តពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានប្រារព្ធពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញថ្មីត្រាក់ទ័រចនឌារ មជ្ឈមណ្ឌលជួសជុល និងគ្រឿងបន្លាស់ចនឌារ ប្រចាំខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមក្រោមអធិបតីភាពរបស់ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងលោក ឌី ចាន់លាភម៉េង អគ្គនាយកក្រុមហ៊ុន CMG Prime Machinery ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង មន្ទីរ / ស្ថាប័ន ខេត្ត និងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនចនឌារ និងអ្នកសារព័ត៌មាន សរុបប្រមាណជាង៤៥០នាក់។
អគារតាំងបង្ហាញត្រាក់ទ័រចនឌារថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយដ៏ជោគជ័យមួយរបស់ក្រុមហ៊ុន CMG Prime Machinery ដែលបានពង្រីកខ្លួនចូលក្នុងទឹកដីខេត្តបន្ទាយមានជ័យដែលជាខេត្តមានភាពរីកចម្រើនខ្លាំងលើវិស័យកសិកម្ម និងពាណិជ្ជកម្ម។ អគារតាំងបង្ហាញថ្មីនេះ មានទីតាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦A ក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ទីតាំងថ្មីនេះ មានភាពធំទូលាយ និងផាសុកភាព ដែលនឹងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាកសិករ និងអតិថិជនដែលរស់នៅក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានាជុំវិញខេត្ត ដើម្បីបំពេញតម្រូវការការងារកសិកម្ម និងប្រើប្រាស់គ្រឿងយន្តកសិកម្មដែលមានគុណភាពខ្ពស់ ជម្រុញដល់ការអភិវឌ្ឍជីវភាពប្រជាកសិករក្នុងតំបន់ ក៏ដូចជាសេដ្ឋកិច្ចជាតិ។
ទីតាំងថ្មីនេះមានដូចជា អគារតាំងបង្ហាញផលិតផលចនឌារ ឧបករណ៍បំពាក់កសិកម្ម ឃ្លាំងស្តុកគ្រឿងបន្លាស់ និងរោងជាងជួសជុល និងសេវាកម្ម ដែលនឹងផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មយ៉ាងកក់ក្តៅដល់ម្ចាស់ត្រាក់ទ័រចនឌារ និងប្រជាកសិករដែលមានតម្រូវការការងារកសិកម្ម។ រាល់អគារថ្មីទាំងនេះ គឺជាអគារស្តង់ដាពីចនឌារផ្ទាល់ដែលមានន័យថា គ្រប់អតិថិជនទាំងអស់នឹងទទួលបានសេវាកម្ម និងផលិតផលដែលមានគុណភាពខ្ពស់ដូចនៅគ្រប់បណ្តាសាខាតាមខេត្តផ្សេងៗ និងនៅរាជធានីភ្នំពេញ។
អំពីក្រុមហ៊ុន CMG Prime Machinery
ក្រុមហ៊ុន CMG Prime Machinery គឺជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ100%ដែលបានក្លាយជាតំណាងចែកចាយបន្តពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ផ្នែកគ្រឿងយន្តកសិកម្ម និងមានចក្ខុវិស័យខ្ពស់ក្នុងការចែកចាយបន្តផលិតផលគ្រឿងចក្រកសិកម្មគុណភាពលេខ១របស់សហរដ្ឋអាមេរិច គឺត្រាក់ទ័រម៉ាកចនឌារ រួមទាំងគ្រឿងបន្លាស់សុទ្ធរបស់ចនឌានៅក្នុងខេត្តខេត្តបន្ទាយមានជ័យ។ លើសពីនេះទៀត ក្រុមហ៊ុនមានគម្រោងនាំចូលគ្រឿងឧបករណ៍បំពាក់ទំនើបៗជាមួយត្រាក់ទ័រពីបរទេស ដែលជាឧបករណ៍ពហុមុខងារក្នុងការងារកសិកម្ម អាចជួយអោយកសិករចំនេញពេលវេលា និងថវិការច្រើន។
អំពីក្រុមហ៊ុន អ អិម អេ (ខេមបូឌា)
ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនធំជាងគេមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវម៉ាកល្បីៗលំដាប់ពិភពលោកជាច្រើនប្រភេទ។ ចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ 1992 ក្នុងយៈពេល ៣៣ ឆ្នាំមកនេះ ក្រុមហ៊ុនRMA Cambodia PLC បានឈានមុខគេក្នុងការលើការផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្មដ៏ទូលំទូលាយ នៅក្នុងវិស័យយានយន្ត គ្រឿងយន្តកសិកម្ម សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ដំណោះស្រាយឃ្លាំងទំនិញ សេវាកម្មជួលរថយន្ត គ្រឿងចក្រ សេវាកម្មហិរញ្ញវត្ថុ យីហោម្ហូបអាហារ សណ្ឋាគារ ភោជនីយដ្ឋាន វិស្វកម្មអគ្គិសនី និងសេវាកម្មសន្តិសុខ អនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ សហគ្រាសពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាដើម។ ជានិច្ចកាល ក្រុមហ៊ុនតែងតែចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានាក្នុងកិច្ចការងារសង្គម និងសប្បុរសធម៌ តាមរយៈសកម្មភាពជាច្រើនក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងកីឡា នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ ក្រុមហ៊ុនបានចុះចែកអំណោយជាច្រើនលើក ដល់បងប្អូនប្រជាជនភាសសឹក នៅតាមបណ្តាខេត្តជាប់ព្រំដែនដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាបជាដើម។
គួររំលឹកផងដែរថា បច្ចុប្បន្នត្រាក់ទ័រចនឌារ មានទីតាំងផ្គត់ផ្គង់ និងចែកចាយផលិតផល សេវាកម្ម និងគ្រឿងបន្លាស់ត្រាក់ទ័រចនឌារ ចំនួន៦កន្លែងធំៗ ដូចជា ក្រុងភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តពោធិសាត់ ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ។ បន្ថែមពីនេះ ត្រាក់ទ័រចនឌារក៏មានការផ្តល់ជូនសេវាកម្មជួសជុលត្រាក់ទ័រដល់ទីកន្លែងអតិថិជន ព្រមទាំងមានដៃគូអាជីវកម្មដែលជាតំណាងជួសជុល និងចែកចាយគ្រឿងបន្លាស់ទូទាំងប្រទេស សម្រាប់បម្រើជូនដល់អតិថិជនយ៉ាងពេញចិត្ត ងាយស្រួល និងលឿនបំផុត។
សម្រាប់ព័ត៌មានបន្ថែមពីអគារតាំងបង្ហាញថ្មីត្រាក់ទ័រ ចនឌារ ខេត្តបន្ទាយមានជ័យ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ 014 333 363។ សម្រួលផ្សាយដោយ ទៀង បុណ្ណរី



