Today Internet

លោកស្រី ម៉ូវ ប៉ាក់ ដែលជាកសិករម្នាក់ខេត្តព្រៃវែងដាំបន្លែបែបធម្មជាតិ ជួយលើកកម្ពស់ជីវភាព និងអាចផ្គត់ផ្គង់ការសិក្សាកូនរៀនដល់មហាវិទ្យាល័យសុខាភិបាល

លោកស្រី ម៉ូវ ប៉ាក់ ដែលជាកសិករដាំបន្លែម្នាក់រស់នៅភូមិទូលត្បាល់ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានជោគជ័យក្នុងការដាំបន្លែសុវត្ថិភាព ដោយមិនប្រើជីគីមី ឬថ្នាំពុល ដែលធ្វើឱ្យជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះ គាត់អាចផ្គត់ផ្គង់ការសិក្សារបស់កូនរហូតដល់មហាវិទ្យាល័យផ្នែកសុខាភិបាល។

លោកស្រី ម៉ូវ ប៉ាក់ បានឲ្យដឹងថា បន្លែដែលគាត់ដាំអាចប្រមូលផលបានប្រហែលពី ៥០ ទៅ ៦០ គីឡូក្រាមក្នុងមួយថ្ងៃ។ តម្លៃលក់ជាមធ្យមប្រមាណ ២៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈនៅរដូវវស្សា តម្លៃអាចឡើងដល់ ៥០០០ ទៅ ៦០០០ រៀលក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យគាត់អាចរកចំណូលបានប្រហែល ១០លានរៀលក្នុងមួយឆ្នាំ។

លោកស្រី ម៉ូវ ប៉ាក់ បានប្រកបរបរដាំបន្លែបែបធម្មជាតិអស់រយៈពេលជាង ៣ ឆ្នាំមកហើយ។ លើផ្ទៃដីជុំវិញផ្ទះ គាត់បានដាំបន្លែជាច្រើនប្រភេទ ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ត្រសក់ ត្រកួន និងបន្លែប្រចាំថ្ងៃផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងសហគមន៍។

លោកស្រី ម៉ូវ ប៉ាក់ បានបន្តថា ដំបូងគាត់ដាំតិចៗសម្រាប់ហូបក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមានអង្គការមកបង្រៀនពីបច្ចេកទេសដាំ និងធ្វើជីកំប៉ុស ខ្ញុំក៏ចាប់ផ្តើមពង្រីកការដាំច្រើនឡើង។ ឥឡូវនេះគាត់អាចរកចំណូលបានរៀងរាល់ថ្ងៃ ហើយមិនបារម្ភពីសុខភាពទៀតទេ ព្រោះយើងមិនប្រើថ្នាំគីមី។

លោកស្រីបន្ថែមថា បន្លែរបស់គាត់មានអ្នកមកប្រមូលទិញរាល់ថ្ងៃ ព្រោះគេទុកចិត្តថាសុវត្ថិភាព។ អ្នកខ្លះមកកក់ទុកមុនផង។ គាត់សប្បាយចិត្តដែលបានលក់បន្លែល្អឱ្យគេហូប ហើយយើងខ្លួនឯងក៏មានសុខភាពល្អដែរ។

ជាមួយគ្នានេះ លោកស្រីក៏បានបង្ហាញពីវិធីផលិតជីកំប៉ុសធម្មជាតិ ដោយប្រើសំណល់បន្លែ ស្មៅ ស្ទងចេក លាយជាមួយលាមកគោ និងលាមកចង្រឹត រួចទុកឱ្យរលួយរយៈពេលពី ៣ ទៅ ៦ ខែ មុនយកមកប្រើ។ វាជាវិធីសាស្ត្រងាយស្រួល ចំណាយតិច ហើយជួយថែរក្សាដីឱ្យមានជាតិជី និងបន្ថយការបំពុលបរិស្ថាន។

អ្នកជំនាញមើលឃើញថា ការដាំបន្លែបែបធម្មជាតិ គឺជាគំរូល្អសម្រាប់ប្រជាកសិករផ្សេងៗ ព្រោះអាចបង្កើនទាំងផលចំណូល កាត់បន្ថយការចំណាយ និងការពារសុខភាពទាំងអ្នកផលិត និងអ្នកបរិភោគ។ ការប្រកបរបរកសិកម្មបែបធម្មជាតិ កំពុងក្លាយជាជម្រើសមួយដ៏មានប្រសិទ្ធភាព សម្រាប់ប្រជាកសិករនៅតាមជនបទ ក្នុងការបង្កើនប្រាក់ចំណូល និងថែរក្សាសុខភាពគ្រួសារ ព្រមទាំងអ្នកទិញយកទៅបរិភោគបន្ត។

ជារួម ការដាំបន្លែសុវត្ថិភាពមិនត្រឹមតែជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្តល់អាហារដែលមានគុណភាព និងគ្មានសារធាតុគីមីបង្កគ្រោះថ្នាក់ដល់សុខភាព។ វាជាជំហានសំខាន់ក្នុងការលើកកម្ពស់កសិកម្មបៃតង និងអភិវឌ្ឍជីវភាពប្រជាពលរដ្ឋឱ្យបានប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង