ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០”
ភ្នំពេញ៖ ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០” (ផ.ជ.ប.ម.)។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក គឺជាក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់តម្រង់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ ការស្វែងរកជំងឺទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌។ ផ.ជ.ប.ម. ដាក់ចេញនូវចក្ខុវិស័យ បេសកកម្ម គោលបំណង គោលការណ៍ណែនាំ យុទ្ធសាស្រ្ត សកម្មភាពជាយុទ្ធសាស្រ្ត ក្នុងការប្រយុទ្ធនឹងជំងឺមហារីក ដោយមានគោលដៅ ចំណុច និងសូចនាករច្បាស់លាស់ សម្រាប់តាមដាន និងវាយតម្លៃ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា៖ ផែនការនេះអាចរួមចំណែកដល់ការសម្រេចបានគោលដៅយុទ្ធសាស្ត្រទាំង៦ ដូចខាងក្រោម៖
១.លើកកំពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ
២.ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា
៣.ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់និងត្រឹមត្រូវ សម្រាប់ការព្យាបាល
៤.ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំសមស្រប និងប្រកបដោយ គុណភាព
៥.ពង្រឹងប្រព័ន្ធព័ត៌មាន ប្រព័ន្ធតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក
៦.ពង្រឹងអភិបាលកិច្ច ការសម្របសម្រួល ហិរញ្ញប្បទាន និងការត្រៀមខ្លូនពេលមានគ្រោះអាសន្នក្នុងការប្រយុទ្ធនឹងជំងឺមហារីក។
ហើយតាមរយៈគោលបំណងដ៏មានមហិច្ឆតាទាំងនេះ ផែនការប្រយុទ្ធនឹងជំងឺមហារីកនឹងទាមទារតម្រូវការឱ្យមាន៖
ក- ការពង្រឹងលើការបង្ការ
ខ- ការសម្របសម្រួលនៃការបម្រើសេវាថែទាំ
គ- កិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាលដែលនឹងត្រូវការពេលវេលា ជាពិសេស តាមរយៈការបង្កើតឯកទេសបន្ថែម
ឃ- កិច្ចខិតខំប្រឹងប្រែងផ្នែកហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងយូរអង្វែង
ង- ការចូលរួមពហុវិស័យ និងអន្តរស្ថាប័ន ជាពិសេស សម្រាប់កិច្ចការងារបង្ការមុនហានិភ័យជំងឺ។
សម្តេចមហាបវរធិបតី បានផ្តល់អនុសាសន៍សំខាន់ៗ ដូចខាងក្រោម ដើម្បីឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-ឆ្នាំ២០៣០ បានជោគជ័យ៖
១. ក្រសួងសុខាភិបាលត្រូវជុំរុញការអនុវត្តន៍ផែនការជាតិនេះអោយបានជាប់ជាប្រចាំតាមរយៈយន្តការពហុវិស័យដើម្បីគ្រប់គ្រងសម្របសម្រួលនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាលនិងរួមចំណែក ម្ខាងដល់ការសម្រេចដល់ការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀត ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពនៅក្នុងចំណោម គោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ កម្មវិធីគោលនយោបាយអាទិភាពទី១ គឺការពង្រឹងសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែល ផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពសកលកម្ពុជាឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដែលអនុវត្តន៍នៅខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន៣ដូចខាងក្រោម៖
– ពង្រីកវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមអោយបាន ៨០% នៃចំនួនប្រជាពលរដ្ឋសរុប
– សន្ទស្សការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០%
– កាត់បន្ថយកំរិតចំណាយផ្ទាល់ពីហោប៉ៅ លើការថែទាំសុខភាពនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។
២. ក្រសួងសុខាភិបាលជំរុញអនុវត្តន៍ប្រព័ន្ធគ្របគ្រងទិន្នន័យជំងឺមហារីកអោយបានជាក់លាក់ដើម្បីគាំទ្រដល់ការអភិវឌ្ឃន្ននិងការអនុវត្តន៍គោលនយោបាយ ត្រូវរៀបចំអោយមានគោលការណ៍ណែនាំបច្ចេកទេស អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលគ្រប់កំរិតទាំង រដ្ឋនិងឯកជននូវការគ្រប់គ្រងក្នុងការផ្តល់សេវា បង្ការ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ការព្យាបាលជំងឺមហារីកប្រកបដោយគុណភាព ប្រសិទ្ធភាព
៣. ក្រសួងសុខាភិបាលត្រូវបន្តជំរុញ ការបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កំរិត ទាំងជំនាញវិទ្យាសាស្ត្រ និង ជំនាញវិជ្ជាជីវអមសុខភាព ដើម្បីអោយធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញក្នុងការបំរើសេវាថែទាំព្យាបាលជំងឺមហារីកមានលក្ខណៈគ្រប់ជ្រុងជ្រោយ
៤. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅដល់ការកាត់បន្ថយហានិភ័យទាំងឡាយដែលបង្កដោយជំងឺមហារីក។
៥. ជាមួយនឹងការអភិវឌ្ឍនជាច្រើននៅក្នុងវិស័យសុខាភិបាល សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការគ្របដណ្តប់ជំងឺមហារីកនៅកម្ពុជានៅមានកំរិតនៅក្នុងន័យនេះ ដើម្បីអភិវឌ្ឍនសេវាបង្ការ និងការព្យាបាលជំងឺមហារីកឱ្យកាន់តែទូលាយថែមទៀត សូមអំពាវនាវដល់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ គៀងគធនធាន បច្ចេកទេស ហិរញ្ញវត្ថុ សម្រាប់ការគាំទ្រ ដល់ការបង្ការ និងព្យាបាលជំងឺមហារីកឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជារបស់យើង។
៦. សូមក្រើនរំលឹកសារជាថ្មីដល់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវលើកម្ពស់ប្រសិទ្ធភាពនៃការបំរើសេវាថែទាំសុខភាពជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ក្រុមគោលដៅផ្សេងៗទៀតក្រោមកម្មវិធី មូលនិធិសមធម៌របស់បេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរយៈការពង្រឹកសេវាថែទាំសុខភាពឱ្យស្របតាមនិន្នការប្រែប្រួលតាមបន្ទុកជំងឺ បញ្ហាសុខភាពជាអាទិតម្រូការរបស់អ្នកជំងឺ
៧. សូមលើកទឹកចិត្តដល់បងប្អូន ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់ជំងឺមហារីកនេះ តាមរយៈការស្វែងយល់កត្តាហានិភ័យ និងការផ្លាស់ប្តូរឥរិយាបថ ដែលប្រឈមនឹងការកើតជំងឺមហារីក។ ប្រសិនបើមានបញ្ហាសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋាន ដើម្បើទទួលបានការពិនិត្យ និងព្យាបាលថែទាំទាន់ពេលវេលា៕ អរគុណសន្តិភាព


















