ឡានខូចលើស្ពានព្រែកព្នៅ មិនដាក់សញ្ញាសម្គាល់ បង្កគ្រោះថ្នាក់ដល់និស្សិត២នាក់ ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ ៖ និស្សិតស្រីឆ្នាំទី៤​ចំនួន២នាក់ ខណៈកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក្រោយចេញពីរៀន ឆ្លងកាត់ស្ពានព្រែកព្នៅ ​បានបាត់បង់ជីវិត​ម្នាក់ និងរបួសធ្ងន់ម្នាក់​ បន្ទាប់ពីជិះម៉ូតូ​ទៅបុករថយន្តធុនធំ១គ្រឿង ដែលខូចនៅលើស្ពានឈប់មិនដាក់​ឱ្យសញ្ញាសម្គាល់ ។​  ហេតុការណ៍​ខាងលើនេះ បង្កការភ្ញាក់ផ្អើល​កើតឡើង​កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។  តាមប្រភពពីកាមេរ៉ាសុវត្ថិភាពរថយន្តរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់ទីតាំងគ្រោះថ្នាក់នោះបានបង្ហាញពីហេតុការណ៍គ្រោះថ្នាក់ទាំងស្រុង គឺ​ដំបូងឡើយ គេឃើញរថយន្តធុនធំ ប្រភេទហ៊ីយ៉ាន់​ដាយ យីឌុប ពាក់​ស្លាកលេខ ភ្នំពេញ 4A-6242 ចតនៅចំណុចកើតហេតុ មិនបើកបរទៅមុខនោះទេ។ ភ្លាមៗនោះនារីរងគ្រោះទាំង​២នាក់បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាកហុងដាប៊ីត ពណ៌ក្រហម ពាក់​ស្លាក​លេខ កណ្ដាល 1AB-4881 ឆ្លងកាត់ស្ពានព្រែកព្នៅ ក្នុង​ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មិនបានដឹងថារថយន្តខាងលើឈប់ចតចោលបែបនេះទេ ក៏ជ្រុលចង្កូតទៅបុកយ៉ាង​ពេញទំហឹងពីក្រោយ បណ្ដាលឱ្យបែកក្បាល​ស្លាប់ភ្លាមៗម្នាក់​តែម្ដង និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។  តាមការឱ្យដឹងពីក្រុមគ្រួសារនារីរងគ្រោះមានឈ្មោះក្រៅហៅថា ស្រី ស មានវ័យជាង២០ឆ្នាំ និងជានិស្សិតរៀនឆ្នាំទី៤ទៀតផងស្នាក់នៅម្ដុំមុខកំពូល។  ​សូមបញ្ជាក់​ថា រថយន្តដឹកដីខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខូច ហើយឈប់ចតចោលនៅលើស្ពាន ដោយគ្មានប្រើប្រាស់វត្ថុអ្វីជាសញ្ញាសម្គាល់ឡើយសម្រាប់ឱ្យអ្នកដំណើរប្រុងប្រយ័ត្ននោះទេ តាំងពីថ្ងៃរហូតដល់យប់។ លុះដល់ម៉ោងកើតហេតុ ក៏មិនបានបើកភ្លើងសុំផ្លូវដូចគ្នា ទើបបង្កឱ្យមានមនុស្សស្លាប់ ព្រោះតែការធ្វេសប្រហែស និងមិនយកចិត្តទុកដាក់លើអាយុជីវិតអ្នកដំណើរឯទៀត ដែលត្រូវជាទំនួលខុសត្រូវរបស់អ្នកបើកបរឡើយ។  ក្រោយកើតហេតុ ស.ពនារីរងគ្រោះ​ត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តពេទ្យ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង និងយកទៅរក្សាទុក រង់ចាំភាគីទាំងពីរដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង