អាសូរណាស់..! ព្រោះជីវភាពក្រខ្សត់ប្ដីប្រពន្ធ១គូចេញពីធ្វើការរោងចក្រឆ្លៀតទៅអូសអួន អកុសលត្រូវរថយន្តបុកស្លា.ប់

ខេត្តព្រះសីហនុ៖ ពិតជាអាសូរណាស់ ប្ដីប្រពន្ធមួយគូនេះព្រោះតែជីវភាពគ្រួសារជួបការលំបាក ក្រោយចេញពីធ្វើការនៅរោងចក្រ ខិតខំតស៊ូនាំគ្នាធ្វើដំណើរទៅនេសាទត្រីបន្ថែមដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារ តែជាអកុសលត្រូវរថយន្តកុងតឺន័របុកស្លាប់យ៉ាងអាណោចអធម្មទាំងពីរនាក់ប្ដី-ប្រពន្ធ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ…។  ផ្អែកតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១N-២៨៩០ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់រួមដំណើរជាមួយ បើកចេញពីផ្លូវបេតុងក្រោយវត្តបិតត្រាំង ឆ្ពោះមកផ្លូវជាតិលេខ៤។ លុះមកដល់ចំណុចកើតហេតុ ក៏បានឆ្លងផ្លូវ រួចស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងសណ្តោងរ៉ឺម៉ក ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៣១២៦ សណ្តោងកន្ទុយពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ ៤A-០៩១៤ ទិសដៅក្រុងព្រះសីហនុ-ភ្នំពេញ បានបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យជនរគ្រោះ២នាក់កំពុងជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ប្រភពបន្តថា ប្ដីប្រពន្ធដែលជួបគ្រោះថ្នាក់នេះ គេស្គាល់ថាជាកម្មកររោងចក្រហើយដោយសារកត្តាជីវភាពគ្រួសារក្រីក្រលំបាក ទើបជានិច្ចកាលគេតែងឃើញពួកគេទាំងពីរនាក់ចេញពីធ្វើការហើយបន្តឆ្លៀតទៅអូសអួន ដើម្បីរកផលនេសាទមកដោះស្រាយជីវភាពបានមួយគ្រាៗ។ ប៉ុន្តែមិននឹកស្មានថា ពេលត្រឡប់មកផ្ទះវិញជួបរឿងអកុសលត្រូវស្លាប់ចោលកូនឱ្យកំព្រាឪពុកម្តាយបែបនេះសោះ។  ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា សពបុរសជាប្ដីមានឈ្មោះ ភិន ចន្ធូ អាយុ៤៥ឆ្នាំ និងអ្នករួមដំណើរឈ្មោះ ពេញ បូរី ត្រូវជាប្រពន្ធ អាយុ៣៩ឆ្នាំ អ្នកទាំងពីជាកម្មកររោងចក្រ មានស្រុកកំណើត ភូមិត្រពាំងនាល ឃុំទទុង ស្រុកដង់ទង ខេត្តកំពត។ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបន្ថែមថា ភ្លាមៗតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សពជូនសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដោយរង់ចាំអនុវត្តទៅតាមនីតីវិធីច្បាប់៕    សម្រួលដោយ ​ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង