អ្នកបើកបរម៉ូតូកង់បីបើកមិនប្រយ័ត្នលឿនជ្រុលបុកគូថម៉ូតូឌ្រីមសង់ពីក្រោយហើយបន្តល្បឿនបុកផ្ទះពលរដ្ឋ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យ៥នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលមានម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បើកបរដោយបុរសម្នាក់បានដឹកភ្ញៀវម្នាក់ទៀត នៅពីក្រោយជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់ ជិះដោយគ្នាបីនាក់ពីក្រោយពេញទំហឹង ហើយរេចង្កូតទៅបុកសំយ៉ាបផ្ទះពលរដ្ឋបណ្ដាលឱ្យកង់បីក្រឡាប់ផ្ងារជើង។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៤។  បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1GU-5072 ជិះដោយបុរសម្នាក់បានឌុបគ្នា២នាក់ទៀតពីក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានម៉ូតូកង់បីឥណ្ឌា ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1HG-0254 បើកបរដោយបុរសម្នាក់បានឌុបភ្ញៀវម្នាក់ទៀតពីក្រោយ ធ្វើដំណើរស្របគ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូឌ្រីមសង់ពីក្រោយពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រហើយកង់បីឥណ្ឌា នៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះពលរដ្ឋបណ្ដាលឲ្យបាក់រងការខូចខាតមួយចំនួន ចំណែកកង់បីឥណ្ឌាវិញ បានក្រឡាប់ផ្ងារជើងនិងរងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រីចំនួន៥នាក់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗផងដែរ។  បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកដល់រួចវាស់វែងនិងធ្វើកំណត់ហេតុយកកង់បីឥណ្ឌានិងម៉ូតូ ទៅរក្សាទុករង់ចាំឲ្យដោះស្រាយនៅពេលក្រោយ ដោយមូលហេតុភាគីទាំងសងខាង បានរងរបួសធ្ងន់និងស្រាល កំពុងតែសង្គ្រោះបន្ទាន់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង