ប៉ូលិស​ចរាចរណ៍​ម្នាក់ ជិះ​ម៉ូតូ​ល្មើសច្បាប់​ពីរ​ករណី រង​ការ​ផាកពិន័យ១៤​ម៉ឺន​រៀល

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍ មួយ​រូប​ដែល​បើកបរ​ម៉ូតូ ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក អត់​ពាក់មួក​សុវត្ថិភាព និង​និយាយ​ទូរ​សព្ទ ត្រូវ​បាន​ប្រធាន​អង្គភាព កោះហៅ​ចូល​មក​ផាកពិន័យ​តាម​ច្បាប់ បន្ទាប់​ពី​រូបភាព​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម ។  ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផុស​នៅ​លើ​បណ្តាញ​សង្គម ទៅ​លើ​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍ ០១​នាក់ បើកបរ​ម៉ូតូ​លើ​ដងផ្លូវ​សាធារណៈ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ពាក់មួក​សុវត្ថិភាព និង​និយាយ​ទូរ​សព្ទ ភ្លាម​ៗ​នោះ ឧត្តម​សេនីយ៍​ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ស្រាវជ្រាវ​រក​មន្ត្រី​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ដើម្បី​ឱ្យ​ចូល​មក​ផាកពិន័យ​តាម​ច្បាប់ ។  លោក​អនុសេនីយ៍ឯក ព្រាប តារា មន្ត្រី​នគរបាល​ចរាចរណ៍ ហើយ​នៅ​ថ្ងៃ​ដដែល ត្រូវ​បាន​ចូល​មក​អង្គភាព​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ផាកពិន័យ​តាម​ច្បាប់​ទី​១, មិន​ពាក់មួក​សុវត្ថិភាព ចំនួន​៦០,០០០​រៀល និង​ទី​២, ប្រើប្រាស់​ទូរ​សព្ទ ពេល​បើកបរ ចំនួន​៨០,០០០​រៀល ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង