បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តម៉ាក FOR TUNER ផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល ខណៈពេលជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត FOR TUNER បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវ១១៣ កែងផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។  ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1BF-1416 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តម៉ាក FOR TUNER ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2B-1019 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសជនបរទេស២នាក់ទៀត ធ្វើដំណើរចេញពីផ្លូវ278 ទិសដៅពីកើតមកលិចឆ្លងផ្លូវបំបែកជាបួនក្នុងល្បឿនលឿន ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទ្វារមួយចំហៀង កាងខាងក្រោមនិងកញ្ចក់ ចំណែកឯម៉ូតូវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។  ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកដល់ពិនិត្យនិងវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំឲ្យភាគីសងខាងសម្រួលគ្នានៅពេលក្រោយ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង