អស្ចារ្យ​! កីឡាការិនី ប៊ូ សំណាង ត្រូវ​កាសែត The Guardian បញ្ចូល​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ពិភព​លោក​​ដ៏​អស្ចារ្យ​ឆ្នាំ​២០២៣

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ដ៏​អស្ចារ្យ និង​ភ្ញាក់ផ្អើល​ជាទី​បំផុត បន្ទាប់​ពី​កីឡាការិនី​រត់ប្រណាំង​របស់​ប្រទេស​កម្ពុជា ប៊ូ សំណាង ត្រូវ​បាន​កាសែត The Guardian ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស​រាប់​បញ្ចូល​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ពិភពលោក​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ២០២៣ របស់​ខ្លួន​។​  ជឿជាក់​ថា ប្រជាជាតិ​កម្ពុជា​ទាំងមូល រួម​ទាំង​ពិភពលោក​ច្បាស់​ជា​នៅ​ចង់​ចាំ​មិន​ភ្លេច​នោះ​ទេ នៅ​ពេល​រំលឹក​ដល់​ឈ្មោះ​កីឡាការិនី​កម្ពុជា ប៊ូ សំណាង ដែល​បាន​ឆក់​យក​បេះដូង​ប្រជាជន​កម្ពុជា និង​ជាតិ​សាសន៍​ដទៃ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ចំពោះ​ការ​តស៊ូ និង​ការ​តាំងចិត្ត​ខ្ពស់​របស់​កីឡាការិនី​រូប​នេះ​។ កីឡាការិនី ប៊ូ សំណាង បាន​តស៊ូ​រត់​លើ​វិញ្ញាសា​ចម្ងាយ​៥,០០០​ម៉ែត្រ កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣ នៅ​ឯ​ពហុ​កីឡាដ្ឋាន​មរតក​តេ​ជោ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ក្រោម​ដំណក់ទឹកភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​រហូត​ដល់ទី បើ​ទោះបីជា​ដឹង​ថា លទ្ធផល​ចាញ់​គេ​ទៅ​ហើយ​យ៉ាងណា​ក្តី ដោយ សំណាង បាន​បញ្ចប់​ការ​រត់​នៅ​ក្នុង​ថេរវេលា ២២​នាទី និង ៥៤.២២​វិនាទី ហើយ​នៅ​ពេល​បញ្ចប់​ទី កីឡាការិនី​រូប​នេះ បាន​ស្រក់​ទឹកភ្នែក​ភ្លាម​ៗ​តែ​ម្តង​។  វី​ដេ​អូ​ការ​រត់​របស់​កីឡាការិនី ប៊ូ សំណាង ត្រូវ​បាន​បណ្តាញសារព័ត៌មាន​អន្តរជាតិ​ល្បីល្បាញ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​យក​ទៅ​ចុះ​ផ្សាយ ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​កោតសរសើរ​ចំពោះ​ការ​តស៊ូ ដែល​មិន​បោះបង់​រត់​ក្រោម​ភ្លៀង​រហូត​បញ្ចប់​ទី​របស់​កីឡាការិនី​រូប​នេះ​។   យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ​នេះ រឿងរ៉ាវ​របស់​កីឡាការិនី ប៊ូ សំណាង បាន​លេចឡើង​សារ​ជា​ថ្មី​ម្តងទៀត​លើ​កាសែត The Guardian ដោយ​កាសែត​ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ បាន​រាប់​បញ្ជូន​សកម្មភាព​កីឡាការិនីរ​ត់របស់​កម្ពុជា​រូប​នេះ ទៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​ពិភពលោក​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ ២០២៣ ឬ The amazing world of sport 2023 របស់​ខ្លួន​។   សំ​ណេ​រកា​សែត The Guardian បាន​សរសេរ​ថា «​កាលពី​ខែឧសភា កីឡាការិនី ប៊ូ សំណាង របស់​កម្ពុជា​បាន​បញ្ចប់​វិញ្ញាសា ៥,០០០​ម៉ែត្រ​ផ្នែក​នារី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​នៅ​ទីក្រុង​ភ្នំពេញ បើ​ទោះជា​ត្រូវ​ខ្យល់ព្យុះ​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។ សំណាង​មិន​អាច​ឈ្នះ​ការ​ប្រកួត​ដោយ​ចាញ់​ថេរវេលា​៦​នាទី បន្ទាប់​ពី​អ្នក​ឈ្នះ​បាន​បញ្ចប់​ទី នៅ​ពេល​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​មក​លើ​រូប​នាង​។ អត្ត​ព​លិ​ក​រូប​នេះ បាន​យកឈ្នះ​ដោយ​ចិត្ត​អ្នក​គ្រប់​គ្នា និង​អរគុណ​អ្នកគាំទ្រ​ដែល​តែងតែ​គាំទ្រ​នាង​។ នាង​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ចុង​ក្រោយ​ជាមួយ​ថេរវេលា ២២​នាទី ៥៤.២២​វិនាទី​»៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង