មន្ត្រី​យោធា​ម្នាក់​កំពុង​ជិះ​សុខ​ៗ ក៏​ត្រូវ​ក្មេង​ៗ​មួយ​ក្រុម​ធាក់​ប្ល​.​ន់​ម៉ូតូ តែ​ពលរដ្ឋ​ឃើញ​ទាន់​ស្រែក​ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ធាក់​ដៃចង្កូត​ផ្តួល​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង ដែល​ជិះ​ដោយ​បុរស​ម្នាក់​ជា​មន្ត្រី​យោធា កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​។ ចំណែក​បក្សពួក​ជន​បង្ក​បម្រុង​ចុះ​មក​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ តែ​ត្រូវ​បងប្អូន​អ្នកដំណើរ​ទៅ​ទាន់​ក៏​ឃើញ​ស្រែក​ឆោឡោ ហើយ​ក្រុម​យុវជន​ទាំងនោះ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។  សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ប៉ិច បូ​រិ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​យោធា បម្រើ​ការងារ​នៅ​អគ្គបញ្ជាការ​កងទ័ពជើងគោក មាន​ទីលំនៅ​ផ្ទះ​លេខ​A163 ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។  បើ​តាម​សម្តី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា «​មុន​ពេល​កើតហេតុ ខណៈ​ពេល​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1W-4708 ចេញពី​កន្លែងធ្វើការ នៅ​អគ្គបញ្ជាការ​កងទ័ពជើងគោក ក្នុង​គោលបំណង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។  ជន​រង​គ្រោះ​ប្រាប់​បន្ត​ថា «​ខណៈ​ពេល​ជិះ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្រ​វ៉ា​ត់​ក្រុង​ទី​៣ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​កន្លែង​ស្ងាត់​នោះ ស្រាប់តែ​លេចមុខ​យុវជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ច្រើន​គ្រឿង មិន​ដែល​ស្គាល់ ហើយ​ក៏​គ្មាន​ការ​ប៉ះពាល់​ពាក្យ​សម្តី​គ្នា​អ្វី​សោះ ក៏​បាន​នាំ​គ្នា​តាម​មក​ធាក់​ដៃចង្កូត​ម៉ូតូ​របស់​គាត់​ដែល​កំពុង​ជិះ​ដោយ​មិនដឹង​ខ្លួន បណ្តាល​ឱ្យ​គាត់​ដួល​ម៉ូតូ​រង​របួសធ្ងន់ ហើយ​បាន​អ្នកដំណើរ​ឆ្លងកាត់​ឃើញ ក៏​ជួយ​ស្រែក​ផ្អើល​ឆោឡោ ទើប​ធ្វើ​ឱ្យ​ក្រុម​ក្មេង​ទាំងអស់​ផ្អើល ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ខាងត្បូង​បាត់​អស់​ទៅ​»​។  ចំណែក​ប្រជាពលរដ្ឋ​វិញ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា «​ក្រុម​ក្មេង​ជាង​១០​នាក់​នោះ ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង ដោយ​មិនដឹង​ថា តើ​ប៉ុនប៉ង​ប្ល​.​ន់ ឬ​យ៉ាងណា​នោះ​ទេ? ព្រោះថា គ្រា​ដែល​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​ក្រុម​ក្មេង​ទាំងនោះ​តាម​ធាក់​ដៃចង្កូត បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ដួល​រង​របួស ហើយ​ក៏​មាន​បក្សពួក​ចុះ​មក​បម្រុង​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៀត​ផង​»​។   ពលរដ្ឋ​បន្ត​ថា «​ប៉ុន្តែ​ត្រូវ​បាន​អ្នកដំណើរ​ឆ្លងកាត់​ឃើញ​ទាន់ ក៏​នាំ​គ្នា​ស្រែក​ឆោឡោ ទើប​ធ្វើ​ឱ្យ​ក្រុម​ក្មេង​ទាំងអស់​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ទៅ​។ បន្ទាប់​មក​ពលរដ្ឋ​ក៏​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​គោលដៅ​ខាង​មុខ​ប្រទះ​ឡា​ង​វត្ត​ស្លែង ខណ្ឌដង្កោ ឱ្យ​ជួយ​ស្ទាក់ តែ​ក្រុម​ក្មេង​ទាំងនោះ​ចុះ​តាម​ផ្លូវ​៤២ ឡើង​ផ្លូវជាតិ​លេខ​៣ រត់គេច​ខ្លួន​ទៅ​ខាង​ចោម​ចៅ​វិញ ដោយ​សុវត្ថិភាព​»​។   ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​វិញ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​សិន ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង