ពលរដ្ឋនៅអង្គស្នួល មានជំនឿលើបដិមាដាច់ព្រះកេសមួយដែលអ្នកភូមិជីកបាន ថាជាព្រះអង្គចេកព្រះអង្គចម និងមានបារមីពូកែស័ក្ដិសិទ្ធិ

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនៅស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងមានជំនឿជឿលុងលើរូបបដិមាមួយអង្គដាច់ព្រះកេស ដែលត្រូវបានប្រជាពលរដ្ឋម្នាក់ជីកបានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋទាំងនោះ ជឿថា ជាព្រះបដិមាព្រះអង្គចេកព្រះអង្គចម មានបារមីខ្លាំងពូកែអាចផ្តល់សេចក្តីសុខឱ្យពួកគេបាន តាមរយៈការអុជធូបបន់ស្រន់ ឬយកទឹកទៅប្រោះព្រំប្រសិទ្ធី ទឹកអប់ ផ្ការភ្ញីផ្សេងៗ ទៅតាមជំនឿរបស់ពួកគាត់រៀងៗខ្លួន…។
ថ្លែងប្រាប់ SBM News នៅរសៀលថ្ងៃទី២៧តុលា ឆ្នាំ២០២៣ លោក វាសនា បញ្ញា ដែលជាអ្នករកឃើញបដិមា១អង្គ ខាងលើនេះ បានឱ្យដឹងថា លោករស់នៅក្នុងភូមិព្រៃទទឹង ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៦តុលា លោកបានធ្វើដំណើរទៅចម្ការរបស់លោកនៅឯចុងភូមិ និងបានយកត្រាក់ទ័រឈូសឆាយដីព្រៃចម្ការ ដើម្បីដឹកយកអាចម៍ដីមកចាក់បំពេញនៅខាងក្រោយផ្ទះ ក្នុងបំណងធ្វើរោងគោ។ លុះព្រឹកថ្ងៃទី២៧តុលា ឆ្នាំ២០២៣ ដោយអាចម៍ដីនៅខាងក្រោយផ្ទះមិនទាន់ពេញល្អ លោកក៏បានទៅកាយយកអាចដីនោះបន្តទៀត ហើយនៅពីរម៉ោងក្រោយមកត្រាក់ទ័ររបស់លោកស្រាប់តែទៅមុខលែងរួច ដូចជាមានអ្វីឃាំងឃាត់មិនឱ្យបន្តដំណើរឈូសដីបន្តទៀតបាន លោកបានចុះទៅមើល ក៏ប្រទះឃើញផ្ទាំងថ្មធំមួយមានសណ្ឋានដូចជារូបចម្លាក់មនុស្សផុសឡើង ភ្លាមៗលោកបានរត់ទៅហៅជីតាឈ្មោះ ភុន ភី ឱ្យមកជួយពិនិត្យ។ លោក វាសនា បញ្ញា បន្តថា ជីតាលោកក៏មើលមិនដឹងរូបបដិមានោះជាអ្វីដែរ ព្រោះព្រះកេសនៃបដិមាត្រូវបានបាត់ចេញពីខ្លួន(សង្ស័យក្រុមចោរលួចកាត់យកទៅលក់)។ ជីតារបស់លោកបានលើកយកបដិមានោះមកក្នុងដី ដែលមានជម្រៅជាងកន្លះម៉ែត្រ ដើម្បីពិនិត្យមើលឱ្យបានច្បាស់លាស់ និងបានលាងសម្អាតហើយបានយកម៉ែត្រមកវាស់ឃើញថា មានកម្ពស់១ម៉ែត ទទឹង០,៣០ម៉ែត និងមានជើងទម្របាតជើងរាងជាជ្រលួញមានប្រវែង០,៤០ម៉ែត និងប្រអប់ព្រះហស្តទាំងសងខាង មានប្រវែងបណ្តោយសរុប១,៤០ម៉ែត និងមានទម្ងន់ប្រហែលជាង២០០គីឡូក្រាម ព្រោះមនុស្សប្រុសពេញកម្លាំង៤នាក់ទើបអាចលើករូបបដិមានេះរួច។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិបាននាំគ្នាឈូឆរមកមើលរូបបដិមានេះ នឹងបាននាំគ្នាអុជធូបបន់ស្រន់សុំសេចក្តីសុខរៀងៗខ្លួន​។ អ្នកខ្លះយល់ថា រូបបដិមានេះ ជាព្រះអង្គចេកព្រះអង្គចម ដែលមានបារមីខ្លាំងពូកែ ទើបនាំគ្នាយកទឹកមកស្រោចលើបដិមាលាងជម្រះដី ខ្លះយកផ្កាភ្ញី ទឹកអប់ប្រេងម្សៅមកលាប ដើម្បីសេចក្តីសុខពីព្រះអង្គវិញ។ ទោះយ៉ាងណា រូបបដិមាដែលត្រូវបានរកឃើញនេះ ដោយមានការណែនាំពីលោកអធិការរងបុស្តិ៍អង្គស្នួល មេភូមិព្រៃទទឹង សមត្ថកិច្ចមូលដ្ឋានបានត្រៀមកម្លាំងប្រជាការពារភូមិនៅយាមកាម រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដើម្បីរង់ចាំអាជ្ញាធរជាតិអប្សរាមកទទួលយកទៅតម្កល់ទុកនៅឯសារមន្ទីជាតិ ខណៈអ្នកភូមិមួយចំនួនធំ មិនចង់ឱ្យអាជ្ញាធរយកទៅរក្សាទុកឯសារមន្ទីរទេ ដោយចង់រក្សារូបបដិមានេះ នៅក្នុងភូមិស្រុកដើម្បីពួកគាត់បានគោរពបូជា ប៉ុន្តែដោយខ្លាចគ្មានសុវត្ថិភពគ្រប់គ្រាន់លើការថែរក្សាសម្បត្តិវប្ពធម៌ជាតិ ប្រជាពលរដ្ឋបានយល់ព្រមឱ្យអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកទាំងអារម្មណ៍សោកស្ដាយផងដែរ..៕

អត្ថបទដែលជាប់ទាក់ទង