៨ខែឆ្នាំនេះ តម្លៃកៅស៊ូបន្តធ្លាក់ថ្លៃទោះបីការនាំចេញកើនឡើង

រាជធានីភ្នំពេញ៖ តម្លៃជ័រកៅស៊ូជាមធ្យមគិតត្រឹមខែសីហា គឺ១,៣២៧ដុល្លារក្នុងមួយតោន ដែលចំនួននេះថយចុះអស់២៣០ដុល្លារក្នុងមួយតោន ឬស្មើនឹង១៥ភាគរយបើធៀបតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ តម្លៃកៅស៊ូធ្លាក់ថ្លៃធ្វើឱ្យចំណូលបានពីការនាំចេញជ័រកៅស៊ូធ្លាក់ថ្លៃដូចគ្នា បើទោះបីជាការនាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិកើនឡើងក៏ដោយ។  ទិន្នន័យចុងក្រោយពីអគ្គនាយកដ្ឋានកៅស៊ូបង្ហាញថា កម្ពុជាបាននាំចេញជ័រកៅស៊ូទៅបរទេសគិតជាទឹកប្រាក់មានចំនួន២៧៣លានដុល្លារ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៣។ ដោយឡែក បើគិតជាបរិមាណ កម្ពុជាបាននាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិបានជាង២០ម៉ឺនតោន កើនឡើងជាង៦៣០០តោន ឬស្មើនឹង៣ភាគរយ បើធៀបនឹង៨ខែឆ្នាំ២០២២។ តម្លៃជ័រកៅស៊ូចាប់ផ្តើមធ្លាក់ថ្លៃរហូតមក តាំងពីដើមឆ្នាំ២០២៣ បើធៀបនឹង៨ខែឆ្នាំមុន វាបានធ្លាក់តម្លៃអស់២៣០ដុល្លារក្នុងមួយតោន ពោលក្នុងឆ្នាំ២០២២ កៅស៊ូមានតម្លៃជាមធ្យមជិត១៦០០ដុល្លារក្នុងមួយតោន​ខណៈបច្ចុប្បន្នធ្លាក់សល់ជាង១៣០០ដុល្លារក្នុងមួយតោន។ គួរជម្រាបថា ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា៖ ប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូណេស៊ី និងសហគមអឺរ៉ុប ជាដើម។​  សូមបញ្ជាក់ថា មូលហេតុដែលនាំឱ្យតម្លៃកៅស៊ូធ្លាក់ថ្លៃដូចនេះ ត្រូវបានមន្ត្រីជំនាញ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកៅស៊ូអះអាងម្ដងហើយម្ដងទៀតថា ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរ ដែលបង្កឡើងដោយវិបត្តិនានា ដូចជាបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនជាដើម។ ជាក់ស្តែង ទីផ្សារកៅស៊ូសកលរងផលប៉ះពាល់ ដោយតម្រូវការប្រើប្រាស់មានទាបជាងការផ្គត់ផ្គង់។ ក្រៅពីនោះ បញ្ហាបម្រែបម្រួលអាកាសធាតុ ដោយសារមានភ្លៀងធ្លាក់ច្រើន ក៏បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលជ័រកៅស៊ូ និងតម្លៃរបស់វាផងដែរ៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង