រថយន្តនីសាន់ បើកលឿនជ្រុលទៅបុករថយន្តតូយូតាព្រូស បើកបត់ត្រឡប់ក្រោយបោកផ្ទប់របាំងថ្មពុះចែកផ្លូវ ស្របពេលមានម៉ូតូមួយគ្រឿងទៀត បុកពីក្រោយបន្ថែម បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ ៖ រថយន្តម៉ាកនីសាន់មួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនបានអកហ្សឺរថយន្ត ម៉ាកតូយ៉ូតាព្រូស បើកបត់ត្រឡប់ក្រោយជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខចំហៀងខាងស្ដាំរថយន្តតូយ៉ូតាព្រូសយ៉ាងពេញទំហឹង រុញផ្ទប់ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបន្ថែម បាក់មួយកង់ ស្របពេលមានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរត្រង់មកបុកពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ ចំណុចទល់មុខប្រលានយន្តហោះអន្តរជាតិពោធិចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កកាបទី២ ខណ្ឌពោធិសែនជ័យ ។  ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BR-0433 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿន បត់ឆ្វេងត្រឡប់ក្រោយស្របពេលមានរថយន្តម៉ាកនីសាន់មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BS-7554 បើកដោយបុរសម្នាក់ធ្វើដំណើរត្រង់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកចំពីចំហៀងខាងស្តាំផ្នែកខាងមុខ រថយន្តព្រូសយ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងទៅផ្ទប់ របាំងថ្មបាក់មួយកង់រងការខូចខាត ក្រោយមកស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីមសង់ជិះដោយបុរសម្នាក់ ធ្វើដំណើរពីកើតមកលិចយ៉ាងលឿន សង្ស័យមិនមើលមុខក៏មកបុករថយន្តនីសាន់ ពីក្រោយបន្ថែមទៀត បណ្តាលឲ្យដួលរងរបួសបញ្ជូនទៅមន្ទីរពេទ្យ ជាមួយនិងម្ចាស់រថយន្តព្រូស។  បន្ទាប់ពីកើតហេតុខាងលើពលរដ្ឋក៏បានទាក់ទង ទៅខាងមន្ត្រីមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី២ ឲ្យចុះមក ទីតាំងកើតហេតុដើម្បីពិនិត្យរួចសមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែងនិងធ្វើកំណត់ហេតុ រួចរាល់ក៏ស្ទូចយករថយន្តទាំងសងខាងរួមម៉ូតូយក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគី ទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង