ត្រីមេពូជនៅក្នុងអន្លង់អភិរក្សប្រឈមនឹងគ្រោះថ្នាក់ដោយសារអ្នកនេសាទមិនគោរពច្បាប់ជលផល

អន្លង់អភិរក្សត្រីមេពូជ និងតំបន់ហាមឃាត់នេសាទនៅតាមដងទន្លេមេគងលើនៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារអ្នកនេសាទមួយចំនួនតូចនៅតែលបលួចនេសាទខុសច្បាប់ យកមកលក់នៅលើទីផ្សារធ្វើឱ្យត្រីមេពូធំៗថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនគោរពច្បាប់ជលផលដែលបានផ្សព្វផ្សាយរួច។   លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានបញ្ជាក់ថា ក្រុមសមត្ថកិច្ចចម្រុះអភិរក្សត្រីមេពូជខេត្តស្ទឹងត្រែង បានបន្តចុះយុទ្ធនាការជាប្រចាំដើម្បីអប់រំណែនាំផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងរដូវបិទនេសាទ ២០២៣ នេះតាមដងទន្លេមេគង្គចាប់ពីព្រំប្រទល់ខេត្តក្រចេះទៅដល់ព្រំប្រទល់ នៃទឹកដីប្រទេសឡាវ។  លោកនាយខណ្ឌជលផលបានបញ្ជាក់បន្ថែមថា៖ បន្ទាប់ពីការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅរដូវបិទនេសាទរហូតមកដល់ខែកញ្ញានេះ យើងសង្កេតឃើញថា ប្រជានេសាទប្រមាណ ៩០% បានយល់ដឹង។   លោកបន្តថា៖ ប្រការនេះបងប្អូនបានផ្អាកការនេសាទដោយឧបករណ៍មងបណ្តែតវែងៗ ជាពិសេសជាងនេះទៅទៀត ពេលមន្ត្រីយើងចុះល្បាតពុំមានបាតុភាព ប្រឈមមុខដាក់គ្នាដូចឆ្នាំកន្លងទៅនោះទេ។  លោកនាយខណ្ឌស្នើឱ្យអាជ្ញាធរគ្រប់មូលដ្ឋានដែលមានភូមិសាស្ត្រនៅជាប់តាមដងទន្លេមេគង្គបន្តជួយពន្យល់និងអប់រំបងប្អូនប្រជាអ្នកនរសាទបន្ថែម ព្រោះនៅមានអ្នកនេសាទប្រមាណ១០%តែប៉ុណ្ណោះ ចេះតែលួចលាក់ដាក់មងក្នុងអន្លង់អភិរក្សត្រីមេពូជ។ លោកដួងលានមេឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ បានអះអាងថា៖ នៅឆ្នាំនេះក៍ដូចជារៀងរាល់ឆ្នាំដែរ អាជ្ញាធរមូលដ្ឋានបានសហការជាមួយមន្ត្រីសហគន៍នេសាទ ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទសម្រាប់ខេត្តស្ទឹងត្រែង ជូនដល់ប្រជាពលរដ្ឋបានដឹងគ្រប់ៗគ្នា។  លោកមេឃុំទទួលស្គាល់ថា៖ បញ្ហានេសាទនេះពិតជានៅមានកំហុសឆ្គងខ្លះៗ ដោយសារតែបងប្អុនប្រជាអ្នកនេសាទយើងមួយចំនួន គាត់មិនមានមុខរបរអ្វីក្រៅពីចុះទឹករកត្រីនោះទេ ទើបមានបទល្មើសមួយចំនួនកើតឡើង ត្រូវបានកម្លាំងចំរុះធ្វើការបង្ក្រាប។  សូមបញ្ជាក់ថា៖ ក្នុងរយៈពេលពីខែកន្លងមកនេះ ក្រុមអភិរក្សត្រីមេពូជបានដកហូតនូវមងវែងៗដែលលួចនេសាទពន្លិចក្នុងទឹកពេលយប់ រាប់រយត្បូង នឹងមានប្រវែងប្រមាណជាង (១៦. ៥០០ ម៉ែត្រ) បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាសង្កេតឃើញថា បទល្មើសមានការថយចុះជាងឆ្នាំកន្លងទៅ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

 

អត្ថបទដែលជាប់ទាក់ទង