បុរសម្នាក់ ជិះម៉ូតូលឿនជ្រុលទៅបុករថយន្ត Rangrover បើកកាត់ទទឹងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលជិះម៉ូតូលឿនមិនបានប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាកRangrover បើកបរដោយបុរសជនបរទេស កាត់ទទឹងផ្លូវចំពាក់កណ្តាលពេញទំហឹង។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ខែកញ្ញាឆ្នាំ ២០២៣ចំណុចមុខច្រកចូលបុរីប៉េងហ៊ួត ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ រួមដំណើរជាមួយនឹងបុរសជនបរទេសម្នាក់ទៀត បានបើករថយន្តម៉ាក Rangroverពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BK-6633 បើកចេញពីក្នុងបុរីប៉េងហ៊ួត ទិសដៅពីត្បូងទៅជើងរួចបើកឆ្លងកាត់ផ្លូវជាតិលេខ១ បម្រុងចូលទៅក្នុងបុរីមួយកន្លែង ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវគាប់ជួនស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូម៉ាក ADVពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IT-3404 ជិះម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនបានប្រយ័ត្នក៏ជ្រុលទៅបុកផ្ទប់រថយន្តRangrover ចំពាក់កណ្តាលកង់ខាងក្រោយចំហៀងខាងឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែងមកដឹកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបរវិញ បានរត់គេចខ្លួនឃាត់បាត់ស្រមោល រីឯអ្នករួមដំណើរប្រគល់ឲ្យជាពលរដ្ឋតាមឃាត់បានប្រគល់ឲ្យសមត្ថកិច្ច។    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង