តៃកុងងោកមួយភាំង រេចង្កូតទៅបុកបង្គោលភ្លើង ចាក់ទឹកកកពេញផ្លូវទាំងព្រឹក

ភ្នំពេញ ៖ រថយន្តឃ្លុបដឹកទឹកកកមួយគ្រឿង ដោយតៃកុងងោកមួយភាំង ក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមរងការខូចខាត រីឯទឹកកកក្នុងរថយន្តបានខ្ចាយចេញមកក្រៅពេញផ្លូវ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង​ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។   យោងតាមសម្ដីតៃកុងរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តឃ្លុប ពណ៌ស ពាក់ផ្លាក លេខភ្នំពេញ 2AT-7457 បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ដោយងោកមួយភាំងក៏រេចង្កូតមកស្ដាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម រងការខូចខាតតិចតួច និងធ្វើឱ្យខ្ទាតទឹកកកចេញពីរថយន្តមកក្រៅបែបនេះ តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ ។  ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមក្រោយ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង