មនុស្សប្រុសស្រីបីនាក់ ជិះម៉ូតូឌុបគ្នាឆ្លងស្តុប ស្របពេលមានរថយន្តមិនចាំម៉ាក បើកឆ្លងដូចគ្នាអកហ្សឺចាប់ហ្រ្វាំងដួល ត្រូវរថយន្តកិនពីលើចំក្បាលស្លាប់ទាំង៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូម៉ាកscoopyមួយគ្រឿង ឌុបនារី២នាក់ទៀត ពីក្រោយបានជិះឆ្លងស្តុប២៤ម៉ោង ផ្លូវបំបែកជាបួនស្របពេលមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀត បើកឆ្លងដូចគ្នាអកហ្សឺចាប់ហ្រ្វាំងដួល ត្រូវរថយន្តកិនពីលើចំក្បាលស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ ចំណុចស្តុប២៤ម៉ោង ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។   សពរងគ្រោះទី១ មានឈ្មោះ ស្រីមី អាយុជាង២០ឆ្នាំរស់នៅភ្នំពេញ( ស្រ្តី ស្លាប់)។  សពជនរងគ្រោះទី២មានឈ្មោះ អាភា អាយុជាង២០ឆ្នាំ រស់នៅភ្នំពេញ។  សពជនរងគ្រោះទី៣ ម្នាក់ទៀតមានឈ្មោះសុនសុខ សំណាង ភេទប្រុសអាយុ១៩ឆ្នាំ មានស្រុកកំណើតស្រុកកំពង់សៀម ខេត្តកំពង់ចាម។  ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាscoopy ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1KG-7491 ជិះដោយបុរសម្នាក់បានឌុបនារី២នាក់ទៀត ពីក្រោយធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្តុប២៤ម៉ោង ផ្លូវបំបែកជាបួនបានជិះឆ្លងស្តុប ខណៈពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បើកបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានបើកឆ្លងស្តុប២៤ម៉ោងដូចគ្នា ស្រាប់តែភាគីខាងម៉ូតូអកហ្សឺចាប់ហ្រ្វាំងដួល ចូលត្រូវរថយន្តកិនពីលើចំក្បាលទាំង៣នាក់ បានបែកខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបានបន្តល្បឿនបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។  បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ក៏បានចុះមកដល់ពិនិត្យរួចវាស់វែងយកម៉ូតូ ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្តបង្កវិញ សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីតាមឃាត់យកមកចាត់ការតាមនីតិវិធីផ្លូវច្បាប់៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង