បុរសម្នាក់បើករថយន្ត LexusLX570 KURO បុកក្របីបណ្ដាលឲក្របីបាក់ជើង និងខូចខាតរថយន្តផ្នែកខាងមុខ

ភ្នំពេញ ៖ រថយន្តស៊េររីទំនើបមួយគ្រឿងម៉ាក Lexus LX570KURO បើកលឿនមិនប្រយ័ត្នបានជ្រុលទៅបុកក្របីមួយហ្វូង ដើរពេញផ្លូវ បណ្តាលឲ្យត្រូវក្របីមួយក្បាលចំពីក្រោយពេញទំហឹង បណ្តាលឲ្យក្របីបាក់ជើង ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅ វេលាម៉ោង ៨និង១៩នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ១៩២៨ ចំណុចមុខបុរីវ៉ារីណាក្នុងសង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  បើយោងតាមប្រភពពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះ ឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញរថយន្តស៊េរីទំនើបម៉ាក Lexus LX570KURO ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BQ-8808 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នក៏បានរេចង្កូតជ្រុលទៅបុកក្របីមួយហ្វូង ដែលម្ចាស់បានលែងឲ្យដើរពេញផ្លូវ ក៏ត្រូវក្របីមួយក្បាលចំពីក្រោយពេញទំហឹង បណ្តាលឲ្យបាក់ជើងក្រោយទាំងសងខាង ចំណែកក្របីជាច្រើនក្បាលទៀត បានរត់បាត់អស់ ហើយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។  បន្ទាប់ពីការហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏បានដឹកយកក្របី និងរថយន្តទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំឲ្យភាគីទាំងសងខាងដោះស្រាយគ្នា នៅពេលក្រោយ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង