ព្រំ សំណាង បើឈ្នះ ដាវ លីឌុច ជើងខ្លាំង ភូមារ អាចនឹងក្លាយជាស្ដេចប្រដាល់គុនខ្មែរ ប្រចាំប្រទេសកម្ពុជា

រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានភ្លើងខៀវពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលប្រកាសស្វាគមន៍ស្តេចប្រដាល់ឡេតវេយ៍ភូមា កីឡាករ ដាវ លីឌុច កាលពីព្រឹកថ្ងៃអង្គារទី១៥ ខែសីហា ឆ្នាំ២០២៣នេះ មហាជនកម្ពុជាបានសម្តែងការសាទរ និងគាំទ្រពេញយ៉ាងទំហឹងជុំវិញការរៀបចំឱ្យកីឡាករទាំងពីរជួបប្រកួតគ្នា ខណៈដែលកន្លងមកជើងខ្លាំងប្រចាំប្រទេសភូមា និងកម្ពុជា ទាំងពីរនាក់នេះស្ថិតក្នុងភាពស្រពិចស្រពិល។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍មួយនេះ ក៏នឹងកំណត់ជោគវាសនា កីឡាករ ព្រំ សំណាង ផងដែរ លើការគ្រងតំណែងជាកីឡាករកំពូលរបស់ប្រទេស ព្រោះបើឈ្នះស្តេចប្រដាល់ឡេតវេយ៍ ដាវ លីឌុច មែននោះ កីឡាករព្រំ សំណាង អាចនឹងក្លាយជាស្ដេចប្រដាល់គុនខ្មែរដំបូងគេ (King Of The Ring) ប្រចាំប្រទេសកម្ពុជា នាសម័យបច្ចុប្បន្នមិនខាន…។  គេនៅចាំបានថា ក្រោយកីឡាករ ព្រំ សំណាង ដណ្តើមបានខ្សែក្រវាត់ពីសង្វៀនថៃហ្វៃត៍ បន្ទាប់ពីផ្តួលកីឡាករមកពីចក្រភពអង់គ្លេស ថូម៉ាស ខាប់ផេនធ័រ Thomas Carpenter ដោយប្រើថេរវេលាត្រឹមតែ២នាទីនៃទឹកទីមួយ និងផ្តួលកីឡាកររុស្ស៊ី ហ្វែដាវហ្សូន នៃអៃម៉ូវ Firdavszhon Naiimov ឱ្យសន្លប់ក្នុងទឹកទី១ ទាំងពីរប្រកួតនៅសង្វៀនថៃហ្វៃត៍ ប្រទេសថៃ កេរ្តិ៍ឈ្មោះ កីឡាករព្រំ សំណាង បានរីកសាយភាយពេញសង្វៀនក្នុងស្រុក និងក្រៅប្រទេស និងបានក្លាយជាកីឡាករជួរមុខរបស់កម្ពុជា សម័យបច្ចុប្បន្ន លើប្រភេទទម្ងន់ធ្ងន់ផងដែរ។ យ៉ាងណា កីឡាករ ព្រំ សំណាង ធ្លាប់បានថ្លែងប្រាប់ SBM News ថា ជោគជ័យមួយ ដែលរូបគេមិននឹកធ្លាប់ស្រម៉ៃដល់ ក្រោយ​អា​​ជីពមួយនេះធ្លាក់ចុះ​ដល់ចំណុចសូន្យទៅហើយ​។ «ខ្ញុំមិនដែលនឹកស្មានថា ​[ខ្ញុំ]..មាន​ថ្ងៃនេះ​នោះទេ! ​ខ្ញុំមិនដែលស្រម៉ៃ​ថា ខ្ញុំបានទៅសាងកេរ្តិ៍ឈ្មោះនៅសង្វៀនលំដាប់អន្តរជាតិ​ រហូតផ្តួលដៃគូ[សន្លប់]ត្រឹមទឹកទី១ ទាំងពីរលើកជាប់ៗគ្នានោះដែរ ព្រោះអាជីពរបស់ខ្ញុំ​ ស្ទើរតែបោះបង់ទាំងស្រុងទៅហើយកាលពីប៉ុន្មានឆ្នាំមុន​​»។ នេះជាការបញ្ជាក់របស់ព្រំ សំណាង! ព្រោះតែជីវភាពខ្វះខាតខ្លាំង កីឡាករដែលមានអាជីពបន្ថែមជាជាងកាត់សក់ម្នាក់នេះ បានតស៊ូក្រាញននៀលនឹងភាពក្រីក្ររហូតជម្នះបានជោគជ័យក្នុងអាជីពប្រដាល់ និងក្លាយជាកីឡាករខ្មែរលំដាប់ជួរមុខ ដែលមានក្រមសីលធម៌ល្អ គ្មានរឿងអាស្រូវគ្រួសារ ចេះឱនលំទោនជាមួយអ្នកគាំទ្រ ទទួលបានការអាណិតស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។  ទោះយ៉ាងណា កីឡាករ ព្រំ សំណាង មិនទាន់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យក្លាយជាកីឡាករកំពូលប្រចាំប្រទេសដាច់គេ បាននៅឡើយទេ បើទោះបីជាជិត២០ប្រកួតចុងក្រោយនេះ រូបគេមិនទាន់ស្គាល់ការបរាជ័យនៅលើសង្វៀនប្រកួតក៏ដោយ។ វ័យ និងកម្លាំងធ្លាក់ចុះរបស់កីឡាករ ព្រំ សំណាង កំពុងញាំញីកេរ្តិ៍ឈ្មោះរបស់គេឱ្យស្ថិតក្នុងភាពផុយស្រួយ។ ទន្ទឹមនឹងនោះ កីឡាករ ស្តេចប្រដាល់ឡេតវេយ៍ភូមា សញ្ជាតិកាណាដា ដាវ លីឌុច ហាក់ចិញ្ចឹមចិត្តមិនលែង ក្នុងការជួបប្រកួតជាមួយកីឡាករ ព្រំ សំណាង ដែលរូបគេចាត់ទុកថា ជាកីឡាករជើងខ្លាំងម្នាក់ ប្រចាំតំបន់អាស៊ានលើប្រភេទកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេឃ។ អ្នកទាំងពីរបានបោះសម្តីឌឺដងដាក់គ្នាជិត១ឆ្នាំមកហើយ ប៉ុន្តែគ្មានប្រភពច្បាស់លាស់ណាមួយហ៊ានអះអាងឱ្យកីឡាករទាំងពីរនាក់ហ្នឹង មានឱកាសជួបគ្នានោះឡើយ។ ដោយមើលឃើញពីការលំបាកនេះ កីឡាករ ដាវ លីឌុច បានផ្ញើសារគោរពសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កាលពីថ្ងៃចន្ទទី១៤សីហានេះតែម្តង ដើម្បីសុំឱ្យ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ជួយរៀបចំការប្រកួតមួយរវាងរូបគេ និងកីឡាករកម្ពុជា នៅចុងឆ្នាំនេះ។ រំលងបានមួយថ្ងៃ ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍តបតាមសំណើ ដែលធ្វើឱ្យមហាជនកម្ពុជារំភើបរីករាយយ៉ាងក្រៃលែង ព្រោះជាព្រឹត្តិការណ៍ធំ សម្រាប់ប្រដាល់គុនខ្មែរ ខណៈអ្នកគាំទ្រមួយចំនួនធំ ចាត់ទុកជំនួបនេះ ជាការបញ្ជាក់ពីសមត្ថភាពកីឡាករ ព្រំ សំណាងផងដែរ ថាតើរូបគេអាចដណ្តើមជ័យជម្មះលើកីឡាករស្តេចប្រដាល់ឡេតវេយ៍ភូមា បានដែរឬទេ…? បើកីឡាករ ព្រំ សំណាង ពិតជាអាចយកឈ្នះមែន រូបគេអាចនឹងក្លាយជាស្ដេចប្រដាល់គុនខ្មែរ(Kun Khmer King Of the Ring)ប្រចាំប្រទេសកម្ពុជា ដូចជាស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេឃ, កីឡាករ ម៉ានីប៉ាគីអាវ ស្តេចប្រដាល់សកលហ្វីលីពីន និងកីឡាករដាវ លីឌុច ស្តេចប្រដាល់ភូមាមិនខាន។  ដោយឡែក ជុំវិញការប្រកួតនាពេលខាងមុខនោះដែរ អ្នកគាំទ្រកម្ពុជាមួយចំនួន ហាក់មិនទាន់មានទំនុកចិត្តគ្រប់គ្រាន់លើទម្រង់ប្រកួតរបស់កីឡាករ ព្រំ សំណាង នាពេលបច្ចុប្បន្នឡើយ ព្រោះកីឡាករ ដាវ លីឌុច ជាកីឡាករបរទេសដែលមានបទពិសោធកម្រិតអន្តរជាតិ និងជួបសុទ្ធតែកីឡាករជើងខ្លាំងលំដាប់អាស៊ី និងពិភពលោក និងបានចូលប្រឡូកក្នុងសង្វៀនឡេតវេយ៍ និងគុនខ្មែរ យ៉ាងជោគជាំរហូតទទួលបានគោរម្យងារជាស្ដេចប្រដាល់ឡេតវេយ៍(King Of Lethwei) ប្រចាំប្រទេសភូមាថែមទៀតផង ដូច្នេះ វាមិនងាយស្រួលពេកទេសម្រាប់កីឡាករ ព្រំ សំណាង ក្នុងការយកឈ្នះលើកីឡាករ ដាវ លីឌុច ប្រសិនបើរូបគេមិនប្តូរយុទ្ធសាស្ត្រប្រកួត និងផ្លាស់ប្ដូរបច្ចេកទេសវាយទម្រង់ល្អជាងនេះទេនោះ។ ប៉ុន្តែយ៉ាងណា កីឡាករ ព្រំ សំណាង ធ្លាប់បានបញ្ជាក់ច្បាស់ៗប្រាប់ SBM News ថា រូបគេមិនខ្លាចញញើតកីឡាករ ដាវ លីឌុច ឡើយ និងបានសម្លឹងឃើញចំណុចខ្សោយមួយចំនួនរបស់កីឡាករស្តេចប្រដាល់ឡេតវេយ៍ភូមានេះរួចហើយដែរ ប្រសិនបើជួបគ្នាមែន នោះអ្វីៗនឹងដឹងនៅលើសង្វៀនប្រកួតមិនខាន។ បន្ថែមលើនេះ កីឡាករ ព្រំ សំណាង បញ្ជាក់ថា កីឡាតែងមានចាញ់ មានឈ្នះជារឿងធម្មតា តែអ្នកគាំទ្រនឹងមិនខកបំណងទេ ក្នុងជំនួបជាមួយកីឡាករ ដាវ លីឌុច ដែលជាជំនួបដ៏ធំក្នុងអាជីពប្រដាល់របស់រូបគេនោះ…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង