ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសន្យាការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសន្យាជាឱឡារិកថា បើគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ សម្តេចធានាការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជន ដោយនឹងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាអាទិភាពចំនួន៧ចំណុច។  យោងតាមសេចក្តីថ្លែងការណ៍ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងរំឭកខួបលើកទី៧២ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ គោលនយោបាយទាំងទី៧ រួមមាន៖ ១-ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តអនុវត្តការ មិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍, បញ្ជីមរណភាព, ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។   ២-បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារ លក់កសិផលដោយថ្លៃសមរម្យ, បែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដី ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។ ៣-បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ តាមកញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នក ដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាពថ្លៃម្ហូប អាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។   ៤-លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យ មានផ្លូវគមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើក កម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធ ធារាសាស្ត្រកាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។    ៥-បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និង ដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រមទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, បន្តអនុវត្តគោលការណ៍មិនយកពន្ធលើ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត, លើកកម្ពស់ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងគ្រាមានគ្រោះអាសន្ន និងគ្រាមានវិបត្តិផ្សេងៗ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមាន ផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រី ព្រមទាំងកម្មការិនីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ។  ៦-លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូន ប្រជាជន។ ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើនវិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ និង៧-ដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង